ភ្នំពេញៈ លោក ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំក្រៅផ្លូវការរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ស្របពេលនឹងមហាសន្និបាតអង្គការសហប្រជាជាតិ (អ.ស.ប) លើកទី៧១ ដែលបានប្រព្រឹត្តទៅពីថ្ងៃទី២២ ដល់ ២៤ ខែកញ្ញា ឆ្នាំ២០១៦ នៅស្នាក់ការអ.ស.ប ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
កិច្ចប្រជុំចំនួនប្រាំ ត្រូវបានរៀបចំឡើង រួមមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ជាមួយអគ្គលេខាធិការអ.ស.ប និងប្រធាននៃមហាសន្និបាតអ.ស.ប លើកទី៧១ កិច្ចប្រជុំក្រៅផ្លូវការរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន និងសហរដ្ឋអាមេរិក កិច្ចប្រជុំក្រៅផ្លូវការរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន សម័យប្រជុំពិសេសរបស់រដ្ឋមន្ត្រីការបរទេសអាស៊ានស្ដីពីការអភិវឌ្ឍប្រកបដោយចីរភាព និងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងសម្ព័ន្ធប៉ាស៊ីហ្វិកលើកទី៣។
ក្នុងអំឡុងពេលកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ជាមួយអគ្គលេខាធិការអ.ស.ប និងប្រធាននៃមហាសន្និបាតអ.ស.ប លើកទី៧១ អ.ស.ប.បានបញ្ជាក់ជាថ្មីម្ដងទៀតពីការបន្តគាំទ្ររបស់ខ្លួនចំពោះការកសាងសហគមន៍អាស៊ាន និងសមាហរណកម្មតំបន់។ អង្គប្រជុំបានពិភាក្សាប្រកបដោយផ្លែផ្កាលើបញ្ហាសំខាន់ៗជាច្រើនដែលជាផលប្រយោជន៍ និងកង្វល់រួម ពាក់ព័ន្ធនឹងវិស័យអាទិភាពនៃកិច្ចសហប្រតិបត្តិការនានារវាងអាស៊ាន និងអ.ស.ប ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិ ដូចជា ការរក្សាសន្តិភាព ការប្រឆាំងភេរវកម្មជ្រុលនិយម ការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងគ្រោះមហន្តរាយ ការជួញដូរគ្រឿងញៀន និងការរត់ពន្ធមនុស្ស។
អង្គប្រជុំបានស្វាគមន៍ការផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្ដីពីការប្រែប្រួលអាកាសធាតុ កន្លងទៅថ្មីៗនេះ និងការអភិវឌ្ឍនៃផែនការសកម្មភាពអាស៊ាន និងអ.ស.ប ឆ្នាំ២០១៦-២០២០ ស្ដីពីបរិស្ថាន និងការប្រែប្រួលអាកាសធាតុ។ ឯកឧត្ដមទេសរដ្ឋមន្ត្រី ក៏បានជម្រាបជូនអង្គប្រជុំអំពីការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះ ឲ្យបានមុនដំណាច់ឆ្នាំ២០១៦។ នៅចុងបញ្ចប់នៃកិច្ចប្រជុំ អង្គប្រជុំបានចេញផ្សាយសេចក្ដីប្រកាសព័ត៌មានរួមរបស់កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ជាមួយអគ្គលេខាធិការអ.ស.ប និងប្រធាននៃមហាសន្និបាតអ.ស.ប លើកទី៧១។
នៅក្នុងកិច្ចប្រជុំក្រៅផ្លូវការរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន និងសហរដ្ឋអាមេរិក រដ្ឋមន្ត្រីបានបញ្ជាក់ពីសារប្រយោជន៍នៃការធ្វើឲ្យស៊ីជម្រៅនូវភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-សហរដ្ឋអាមេរិក តាមរយៈគំនិតផ្ដួចផ្ដើមសំខាន់ៗជាច្រើន ដូចជា គំនិតផ្ដួចផ្ដើមតភ្ជាប់អាស៊ាន-សហរដ្ឋអាមេរិក គំនិតផ្ដួចផ្ដើមអ្នកដឹកនាំវ័យក្មេងនៅអាស៊ីអាគ្នេយ៍ និងគំនិតផ្ដួចផ្ដើមសហរដ្ឋអាមេរិក-មេគង្គក្រោម។ រដ្ឋមន្ត្រីក៏បានផ្លាស់ប្ដូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិ រួមមាន សភាពការណ៍នៅឧបទ្វីបកូរ៉េ ការរំសាយសព្វាវុធ និងការប្រែប្រួលអាកាសធាតុ។ រដ្ឋមន្ត្រីបានបញ្ជាក់អំពីការប្ដេជ្ញាចិត្តដ៏មុតមាំ ដើម្បីរក្សាសន្តិភាព សន្តិសុខ ស្ថេរភាព និងវិបុលភាពនៅក្នុងតំបន់ តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខប្រពៃណី និងសន្តិសុខមិនប្រពៃណី ដោយផ្ដោតលើការប្រឆាំងភេរវកម្ម សន្តិសុខក្នុងលំហសមុទ្រ ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការរត់ពន្ធមនុស្ស និងការប្រែប្រួលអាកាសធាតុ។ សហរដ្ឋអាមេរិកបានបញ្ជាក់ជាថ្មីពីការគាំទ្ររបស់ខ្លួន ចំពោះការកសាងសហគមន៍អាស៊ាន និងតួនាទីស្នូលរបស់អាស៊ាននៅក្នុងដំណើរវិវត្តនៃនិម្មាបនកម្មតំបន់។
នៅក្នុងកិច្ចប្រជុំក្រៅផ្លូវការរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន រដ្ឋមន្ត្រីបានអនុម័តលើតារាងបេក្ខភាពរបស់ប្រទេសសមាជិកអាស៊ាន ជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអ.ស.ប និងបានលើកទឹកចិត្តឲ្យមានការគាំទ្របេក្ខភាពរបស់ប្រទេសសមាជិកអាស៊ានក្នុងស្ថាប័ននានារបស់អ.ស.ប។ រដ្ឋមន្ត្រីបានបញ្ជាក់ពីតម្រូវការដើម្បីពង្រឹងទំនាក់ទំនង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពនានា រួមមាន ពាណិជ្ជកម្ម និងវិនិយោគ ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម និងទេសចរណ៍ ជាមួយអង្គការតំបន់ និងអន្តរជាតិ ដូចជា អ.ស.ប ក្រុមប្រឹក្សាសហប្រតិបត្តិការនៅឈូងសមុទ្រពែក្ស អង្គការសហប្រតិបត្តិការសេដ្ឋកិច្ច និងសម្ព័ន្ធភាពប៉ាស៊ីហ្វិក។
នៅក្នុងសម័យប្រជុំពិសេសរបស់រដ្ឋមន្ត្រីការបរទេសអាស៊ានស្ដីពីការអភិវឌ្ឍប្រកបដោយចីរភាព រដ្ឋមន្ត្រីបានបញ្ជាក់ពីសារសំខាន់នៃការចែករំលែកបទពិសោធន៍ និងការអនុវត្តល្អៗនៃសហគមន៍អាស៊ាន និងតម្រូវការចាំបាច់ដើម្បីធ្វើការយ៉ាងជិតស្និទ្ធជាមួយគណៈកម្មការសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិ សម្រាប់តំបន់អាស៊ី និងប៉ាស៊ីហ្វិក និងដៃគូក្រៅតំបន់អាស៊ានដទៃទៀត ដើម្បីទទួលបានការរីកលូតលាស់ផ្នែកសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព។ រដ្ឋមន្ត្រីក៏បានអនុម័តលើសេចក្ដីប្រកាសរបស់រដ្ឋមន្ត្រីការបរទេសស្ដីពីកិច្ចសហប្រតិបត្តិការអាស៊ានស្ដីពីការអភិវឌ្ឍប្រកបដោយចីរភាព ដើម្បីធានាបាននូវការអនុវត្តចក្ខុវិស័យសហគមន៍អាស៊ាន ២០២៥ និងរបៀបវារៈអ.ស.ប ២០៣០ ប្រកបដោយចីរភាព។
កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងសម្ព័ន្ធប៉ាស៊ីហ្វិកលើកទី៣ បានឯកភាពវិស័យចំនួនបួនសម្រាប់កិច្ចសហប្រតិបត្តិការគឺ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការអប់រំ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការបង្កើតថ្មី និងការអភិវឌ្ឍប្រកបដោយចីរភាព ដើម្បីបង្កើតបន្ថែមនូវភាពជាដៃគូដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមករវាងអាស៊ាន និងសម្ព័ន្ធភាពប៉ាស៊ីហ្វិក ។ អង្គប្រជុំបានអនុម័តក្របខណ្ឌសម្រាប់កិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងសម្ព័ន្ធភាពប៉ាស៊ីហ្វិក។ ដើម្បីសម្រេចបានគោលដៅនេះ អង្គប្រជុំបានឯកភាពឲ្យគណៈកម្មាធិការតំណាងអចិន្ត្រៃយ៍ប្រចាំអាស៊ាន និងក្រុមទំនាក់ទំនងក្រៅតំបន់របស់សម្ព័ន្ធភាពប៉ាស៊ីហ្វិក ជួបប្រជុំជាទៀងទាត់ដើម្បីពិនិត្យការអនុវត្តក្របខណ្ឌសម្រាប់កិច្ចសហប្រតិបត្តិការ៕
មតិយោបល់