កំពង់ស្ពឺៈ លោកអធិការរងស្រុកគងពិសីបានប្រាប់Post News ថាមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កដោយរថយន្តបុកម៉ូតូពេញទំហឹង បណ្តាលឲ្យម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣០ល្ងាច ថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៧ នៅលើផ្លូវលេខ៤១ គីឡូ៣០-៣១ ក្នុងភូមិបឹងព័ទ្ធ ឃុំស្ដុកគងពិសី ខេត្តកំពង់ស្ពឺ។
មុនពេលកើតហេតុ គេឃើញមានរថយន្តតាកុម៉ា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2V-0905 បើកបរដោយឈ្មោះ អ៊ុ អាន់ ភេទប្រុស អាយុ៥៦ឆ្នាំ ស្នាក់ភូមិផ្សារចាស់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានបើកបរក្នុងទិសដៅបញ្រ្ចាស់គ្នាពីជើងទៅត្បូង។ លុះដល់ចំណុចកើតហេតុខាងលើ បានបុកម៉ូតូម៉ាកហុងដាសេ១២៥ ស៊េរី០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1J-0251 ដោយឈ្មោះ អ៊ូច រឹម ភេទប្រុស អាយុ២៩ឆ្នាំ ស្នាក់នៅភូមិត្រពាំងទទឹម ឃុំពោធិ៍ចំរើន ស្រុកបសេដ្ឋ ជិះ២នាក់ប្រពន្ធឈ្មោះ ត្រៃ ភាស់ អាយុ៣០ នៅភូមិឃុំខាងលើ។ បណ្តាលឲ្យអ្នកជិះម៉ូតូឈ្មោះ អ៊ូច រឹម ស្លាប់នៅកន្លែងកើតហេតុ នឹងប្រពន្ធរបួសធ្ងន់។ ជនរងគ្រោះត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យផងដែរ។
ក្រោយពីកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែងនិងកំណត់ហេតុ និងនាំយករថយន្តនឹងម៉ូតូរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករង់ចាំការដោះស្រាយគ្នានាពេលក្រោយតាមផ្លូវច្បាប់។ ចំណែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់