ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយបុរសជនជាតិចិនម្នាក់ ស្រវឹងបានបើករថយន្តម៉ាកCRV ក្នុងល្បឿនលឿន រេចង្កូតទៅបុករះម៉ូតូដែលគេផ្ញើរនៅខាងមុខមន្ទីរពេទ្យ បណ្តាលឲ្យរងការខូចខាត រួចបន្តទៅបុកជាមួយនឹងរថយន្តឡិចស៊ីសមួយគ្រឿងទៀត បណ្តាលឲ្យរថយន្តបង្កដាច់កាឡេទៅមុខលែងរួច។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២ និង៤០នាទី ទៀបភ្លឺឈានចូលថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៧ នៅចំណុចមុខមន្ទីរពេទ្យអង្គរធំ តាមបណ្តោយផ្លូវកម្ពុជាក្រោម សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តបង្កម៉ាកCRV ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2K-2095 បើកបរដោយបុរសជនជាតិចិនម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវកម្ពុជាក្រោម ក្នុងល្បឿនលឿនទាំងស្ថានភាពស្រវឹង ខណៈមកដល់ចំណុចកើតហេតុ ក៏រេចង្កូតមកខាងស្តាំដៃ បុករះម៉ូតូរបស់អ្នកជំងឺដែលផ្ញើរនៅខាងមុខមន្ទីរពេទ្យ បណ្តាលឲ្យរងការខូចខាតជាង១០គ្រឿង រួចរថយន្តបង្កនៅមិនទាន់អស់ល្បឿន បន្តជ្រុលទៅបុកនឹងរថយន្តឡិចស៊ីសមួយគ្រឿងទៀត ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2M-8696 ដែលចតស្ងៀមបណ្តាលឲ្យរងការខូចខាត ចំណែករថយន្តបង្កដាច់កង់ទៅមុខលែងរួចតែម្តង។
ក្រោយពីកើតហេតុ សមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុ និងទំនាក់ទំនងទៅនគរបាលចរាចរណ៍ជើងគោករាជធានីភ្នំពេញ ចុះមកធ្វើការវាស់វែង យករថយន្តរួមទាំងម្ចាស់ទៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមនីតិវិធីច្បាប់៕
មតិយោបល់