ព័ត៌មានជាតិ

(មានវីដេអូ) តុលាការកាត់ទោសពាណិជ្ជករម្នាក់ សារជាថ្មី ករណីចេញសែកស្អុយ

ភ្នំពេញៈ ក្រោយពីជនជាប់ចោទប្តឹងទាស់ ដោយកើតទុក្ខមិនសុខចិត្តចំពោះ សាលក្រមកំបាំងមុខដែលប្រកាសកាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧នោះ លោក ថាន់ ឡេង ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការកាត់ទោសសារជាថ្មីម្តងទៀត នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨នេះ។

លោក សឿន មុន្នីរ័ត្ន តំណាងអយ្យការ បានចោទប្រកាន់លើឈ្មោះ ហេង រិទ្ធី ភេទប្រុស អាយុ ៤១ឆ្នាំ មុខរបរ លក់ឈើ ពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន ប្រព្រឹត្តកាលពីអំឡុងឆ្នាំ២០១៣ និង២០១៤ យោងតាមមាត្រា ២៣១ នៃច្បាប់ស្តីពី ឧបករណ៍ដែលអាចជួញដូរបាន និងប្រតិបត្តិការទូទាត់សាច់ប្រាក់។

នៅក្នុងសវនាការជនជាប់ ហេង រិទ្ធី អះអាងថា សាលក្រមដែលផ្តន្ទាទោស លោកដាក់ពន្ធនាគារ ១ឆ្នាំ សងដើមបណ្តឹង ៦ម៉ឺនដុល្លារ និងសងជំងឺចិត្តចំនួន ១៥លានរៀលនោះ ជារឿងអយុត្តិធម៌ ព្រោះតែវាជាការសម្រេចកំបាំងមុខលោក និងបានសម្រេចដោយខុសពីអង្គហេតុ។

ជនជាប់ចោទ បញ្ជាក់ថា ខ្លួន និងដើមបណ្តឹងឈ្មោះ អ៊ូ សុវណ្ណរិទ្ធ បានព្រមព្រៀងគ្នា ទិញលក់ឈើ ក្នុងតម្លៃ ៥៥,០០០ដុល្លារ ដោយបានធ្វើកិច្ចសន្យាប្រគល់ និងទទួលប្រាក់។

ដើមបណ្តឹងបាន ឲ្យខ្លួន ទៅបើកគណនីធនាគារ មួយ ដាក់លុយចូល ១០ដុល្លារ ដើម្បីយក មូលប្បទានុបត្រ (សែក) មកប្រើ និងចុះហត្ថលេខា តម្កល់ ៥៥,០០០ដុល្លារ (ជាសែកស្អុយ) ទៅឲ្យដើមបណ្ដឹង ដោយសន្យាថា នៅពេលដែលខ្លួនគ្មានឈើ ត្រូវប្រគល់លុយគ្រប់ចំនួន ឲ្យដើមបណ្តឹងវិញ ដើមបណ្តឹងនឹងប្រគល់ សែកស្អុយនោះ មកវិញដែរ។

ក្នុងករណីខ្លួនមានឈើប្រគល់ឲ្យដើមបណ្ដឹង នោះ ដើមបណ្តឹងត្រូវប្រគល់សែកស្អុយនោះ មកខ្លួនវិញ។

ប៉ុន្តែនៅពេលដែលខ្លួនដល់ថ្ងៃប្រគល់ឈើទៅដើមបណ្ដឹងបែរជា ដើមបណ្តឹងថា ឈប់យកឈើហើយ និងតម្រូវឲ្យខ្លួនប្រគល់ប្រាក់ឲ្យគេវិញ ដោយសារខ្លួនគ្មានលុយបង្វិលទៅដើមបណ្តឹង ទើបដើមបណ្តឹងប្តឹងរឿងចេញសែកស្អុយ ឲ្យនគរបាលចាប់តែម្តង។

ទោះជាយ៉ាងណា សំណុំរឿងនេះ ត្រូវតុលាការលើកពេលទៅប្រកាសសាលក្រម នៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ខាងមុខ៕

https://youtu.be/FW6OnTfr6uE

មតិយោបល់