ព័ត៌មានជាតិ

កម្មករសំណង់ម្នាក់ធ្លាក់ពីលើអាគារគម្រោងសាងសង់របស់សាលាប៊ែលធី ជាន់ទី៥ ស្លាប់មួយរំពេច

ភ្នំពេញៈ កម្មករសំណង់ម្នាក់ បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចធ័ម បន្ទាប់ពីធ្លាក់ពីលើសំណង់អាគារសាលាប៊ែលធីអន្តរជាតិកម្ពស់៥ជាន់ ពេលដែលកំពុងលើកដែកឡើងការដ្ឋាន។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧ព្រឹក នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៧ ត្រង់ចំណុចសំណង់ថ្មីសាលាប៊ែលធីអន្តរជាតិ មានទីតាំងស្ថិតតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងភូមិព្រែកជាងព្រុំ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ផល សុភណ្ឌ័ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើត ភូមិព្រៃឈាង ឃុំឫស្សីសាញ់ ស្រុកស៊ីធរកណ្តាល ខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅចំណុចកើតហេតុខាងលើ ។

ប្រភពដដែលបន្តថា មុនពេលកើតហេតុ ជនរងគ្រោះបានឡើងទៅជាន់ទី៥ ដោយឈរលើអន្ទា ដើម្បីទាញដែកពីជាន់ផ្ទាល់ដីឡើងទៅ លុះមិនទាន់បានទាញឡើងផង ស្រាប់តែបាក់អន្ទាបណ្តាលឲ្យគាត់ត្រូវធ្លាក់ពីជាន់ទី៥មកដល់ដី ស្លាប់បាត់បង់ជីវិតភ្លាមៗ នៅនឹងកន្លែងតែម្តង ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចធ្វើកោសល្យវិច័យបានចុះមកពិនិត្យទីតាំងកើតហេតុ ដើម្បីពិនិត្យនិងធ្វើកោសល្យវិច័យរួចមកមន្ត្រីសមត្ថកិច្ចជំនាញអះអាងថា ជនរងគ្រោះ ពិតជាត្រូវធ្លាក់ពីលើអាគារស្លាប់ប្រាកដមែន ពុំមែនជាករណីអ្វីផ្សេងទៀតឡើយ។ ក្រោយការពិនិត្យរួច សពជនរងគ្រោះ ត្រូវប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់