ព័ត៌មានជាតិ

រកឃើញទឹកក្រូចចម្រុះ និងនំមឹកកញ្ចប់កូនក្មេងជាច្រើនកញ្ចប់ហួសកាលបរិច្ឆេទ!

សៀមរាបៈ យោងតាមផេកផ្លូវការ របស់អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃ២៤ ខែមិថុនា ឆ្នាំ២០១៧ កម្លាំងនគរបាលកាំកុងត្រូល បានចុះធ្វើការពិនិត្យ ទំនិញនៅទីផ្សារ ក្នុងផ្សារដើមក្រឡាញ់ ស្ថិតក្នុងសង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។

ក្នុងប្រតិបត្តិការនេះដែរ សមត្ថកិច្ច បានធ្វើតេស្តបឋម (Test Kit) ទៅលើម្ហូបអាហារដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ រួមមាន សរសៃគុយទាវ មីលឿង ខ្ញីហាន់ស្រាប់ ក្រអៅឈូកហាន់ស្រាប់ សណ្តែកបណ្តុះ ត្រពាំងជ្រក់ ស្ពៃជ្រក់ មមែងជ្រក់ ប្រហុក គ្រឿងសមុទ្រក្លាសេ រួចមក ជាលទ្ធផលនៃការធ្វើតេស្តបឋមគឺទទួលបានលទ្ធផលល្អ ដោយពុំបានរកឃើញវត្តមានសារធាតុគីមីហាមឃាត់ដូចជា Borax, Salicylic Acid និងម្សៅស Sodium Hydrosulfite និង Formalin នៅក្នុងម្ហូបអាហារទាំងនោះឡើយ ។

ចំពោះការពិនិត្យមើលលើម្ហូបអាហារវេចខ្ចប់រួច ពិនិត្យឃើញថាមានផលិតផលមួយចំនួនប្រែប្រួលខូចគុណភាព ហួសកាលបរិច្ឆេទកំណត់ប្រើប្រាស់ ហើយត្រូវបានសាខាធ្វើកំណត់ហេតុដកហូត យកមករក្សាទុក ដើម្បីស្នើសុំគោលការណ៍កំទេចចោលនៅពេលក្រោយ ដែលផលិតផលទាំងនោះរួមមាន៖ ទឹកក្រូចដបជ័រចម្រុះ ,នំមឹកកញ្ចប់សម្រាប់ក្មេងបរិភោគ សរុបមានទម្ងន់១៥គីឡូក្រាម ។

ក្នុងនោះដែរ ក្រុមការងារកាំកុងត្រូលបានធ្វើការចែកផ្សាយនូវ រូបភាព Poster និង ផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ និងអ្នកប្រើប្រាស់ ឲ្យបានយល់ ដឹងអំពីផលវិបាកដែលបណ្តាលមកពីការបរិភោគអាហារហួសកាលបរិច្ឆេទកំណត់ប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមីហាមឃាត់ចូលក្នុងម្ហូបអាហារ ៕

មតិយោបល់