Post News Media ព័ត៌មានជាតិ រថយន្តក្រុមហ៊...

រថយន្តក្រុមហ៊ុនកាពីតូល បើកជែងបុករថយន្តបែនដឹកដីត្រូវរថយន្តកាមរីបាឡែនមកពីក្រោយបុកបន្ថែមទៀត មនុស្ស១១នាក់រងរបួស

បាត់ដំបង: យោងតាមសេចក្តីរាយការណ៍ពីភ្នាក់ងារ Post News ប្រចាំខេត្តបាត់ដំបង បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តទេសចរណ៍VIP របស់ក្រុមហ៊ុនកាពីតូល បានបើកវ៉ាជែងរេចង្កូតទៅបុកនឹងរថយន្តបែនដឹកដីមួយគ្រឿងពេញទំហឹង ត្រូវរថយន្តកាមរីបាឡែន បើកមកពីក្រោយចាប់ហ្វ្រាំងមិនទាន់ ជ្រុលទៅបុកបន្ត ខ្ទេចក្បាលខាងមុខទាំងស្រុង បណ្តាលឲ្យអ្នករួមដំណើរនៅលើរថយន្តទេសចរណ៍ចំនួន១១នាក់ រងរបួសធ្ងន់និងស្រាល។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១០និង២០នាទី ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុច តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងក្រុម៧ ភូមិព្រៃតូច ឃុំព្រៃតូច ស្រុកមោងឬស្សី ខេត្តបាត់ដំបង។

សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គឺបណ្តាលមកពីខាងរថយន្តទេសចរណ៍ VIP របស់ក្រុមហ៊ុនកាពីតូល បើកក្នុងល្បឿនលឿនឡើងជែងនឹងរថយន្តបែន ស្របពេលមានឧបសគ្គនៅខាងមុខ ក៏ទាញចង្កូតរថយន្តងាកមកបុកនឹងរថយន្តបែនដឹកដី ចំណែករថយន្តតូយ៉ូតាកាមរីបាឡែន បើកពីក្រោយ
ក្នុងល្បឿនលឿនគ្មានការប្រុងប្រយ័ត្ន ក៏បន្តទៅបើកបុកនឹងរថយន្តVIP របស់ក្រុមហ៊ុនកាពីតូលតែម្តង។ ក្នុងហេតុការណ៍នេះដែរ គឺបណ្តាលឲ្យមនុស្សចំនួន១១នាក់ ក្នុងនោះមានស្រី៤នាក់ រងរបួសធ្ងន់និងស្រាល ដោយមានមនុស្សចំនួន៤នាក់ រងរបួសធ្ងន់ (ស្រី២នាក់) ត្រូវសមត្ថកិច្ចចុះអន្តរាគមន៍ហៅរថយន្តសាមុយ ដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ចំណែកធម្យោបាយធ្វើដំណើរទាំង៣គ្រឿង ត្រូវបានសមត្ថកិច្ចនាំយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីចាត់ចែងតាមនីតិវិធីច្បាប់៕

Loading...