ភ្នំពេញៈ ក្រុមហ៊ុន Chevrolet កម្ពុជា បានប្រកាសកម្មវិធីផ្តល់សេវាកម្ម និងការធានាគុណភាពរថយន្តរយៈពេលយូរបំផុត នៅឯពិធីជប់លៀងថ្លែងអំណរគុណអតិថិជនដែលបានជាវរថយន្ត Chevrolet ពីខែមករា ដល់ខែមិនា នៅឯភោជនីយដ្ឋាន Topaz នាល្ងាចថ្ងៃអាទិត្យកន្លងទៅនេះ។
ក្នុងឱកាសដ៏មហោឡារិក ក្រោមវត្តមានអតិថិជន និងភ្ញៀវកិត្តិយសដ៏ច្រើនកុះករនោះ លោក ប៉ែន ពិសិដ្ឋ ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុន United Auto Trading Co., Ltd. ដែលជាក្រុមហ៊ុនតំណាងចែកចាយរថយន្តម៉ាក Chevrolet តែមួយគត់នៅកម្ពុជា បានមានប្រសាសន៍ថា «ក្រុមហ៊ុន Chevrolet កម្ពុជា មិនត្រឹមតែផ្តល់ជូនលោកអ្នកនូវរថយន្តដែលមានគុណភាពខ្ពស់បំផុតប៉ុណ្ណោះទេ ប៉ុន្តែ យើងក៏នឹងផ្តល់ជូននូវសេវាកម្មល្អបំផុតក្នុងការថែទាំរថយន្តរបស់អតិថិជនដែលហៅថាសេវាកម្ម iCare ផងដែរ»។

លោកបានបន្ថែមថា «Chevrolet iCare គឺជាសេវាកម្មវែងជាងគេ រាប់បញ្ចូលកម្មវិធី 3+3 ដែលផ្តល់នូវការធានា និងសេវាថែទាំគុណភាពរថយន្តសម្រាប់រយៈពេលរហូតដល់បីឆ្នាំ»។ ក្នុងនោះ ក្រុមហ៊ុននឹងផ្តល់ជូននូវសេវាស្ទូចរថយន្តនៅក្នុងទីក្រុងភ្នំពេញ ពេលអតិថិជនមានបញ្ហា ក៏ដូចជាផ្តល់ជូននូវរថយន្តជំនួសក្នុងករណីរថយន្តរបស់ពួកគេ មានបញ្ហាជួសជុលដែលត្រូវការចំណាយពេលយូរ។
បន្ថែមពីលើនេះ ដើម្បីបំពេញគម្រោង iCare ឱ្យកាន់តែប្រសើរ លោក ពិសិដ្ឋ បានឱ្យដឹងថា ក្រុមហ៊ុននឹងពង្រីកបន្ថែមទៀតនូវសេវាកម្មក្រោយពេលលក់ នៅមជ្ឈមណ្ឌលក្នុងខេត្តមួយចំនួនដូចជា បាត់ដំបង សៀមរាប កំពង់ចាម រាជធានីភ្នំពេញ និងកន្លែងផ្សេងៗជាច្រើនផ្សេងទៀត ក្នុងពេលឆាប់ៗនេះ។
អតិថិជនទាំងអស់អាចទទួលបាននូវបទពិសោធន៍ថ្មីចំពោះការិយាល័យតាំងបង្ហាញរថយន្តស្តង់ដារអន្តរជាតិពីក្រុមហ៊ុន Chevrolet Cambodia នៅក្នុងប្រទេសកម្ពុជា រួមជាមួយបុគ្គលិកដែលប្រកបដោយជំនាញវិជ្ជាជីវៈ នៅរង់ចាំបម្រើសេវាកម្មយ៉ាងកក់ក្តៅ។

គួរបញ្ជាក់ថា ក្រុមហ៊ុន United Auto Trading បាននាំចូលរថយន្ត Chevrolet មកក្នុងទីផ្សារនៃប្រទេសកម្ពុជា ក្នុងឆ្នាំ ២០១៣ ហើយបច្ចុប្បន្ន ម៉ាកសញ្ញារថយន្តអាមេរិកមួយនេះ មានវត្តមាននៅក្នុងប្រទេសចំនួន ១៤០ និងលក់ដាច់បានប្រមាណ ៤ លានគ្រឿង ក្នុងមួយឆ្នាំៗ៕
មតិយោបល់