ព័ត៌មានជាតិ

ប្លន់ទាំងថ្ងៃហ្មង ! បុរសអ្នករត់ឌុបម្នាក់ត្រូវចោរភ្ជង់ប្លន់យកម៉ូតូទៅបាត់

ភ្នំពេញ: ភ្នាក់ងារ Post News Media បានរាយការណ៍មកថា បុរសអ្នករត់ម៉ូតូឌុបម្នាក់ ត្រូវបានចោរប្លន់ប្រដាប់អាវុធខ្លីនិងកាំបិត៤នាក់ ធ្វើសកម្មភាពភ្ជង់គំរាម បាញ់និងចាក់សម្លាប់ប្លន់យកម៉ូតូ ១ គ្រឿងគេចខ្លួនបាត់ស្រមោល ហើយរយ:ពេលជាង ៥ ម៉ោងក្រោយមក ទើបធ្វើដំណើរទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្ដិ៍នគរបាលចោមចៅ ដើម្បីឲ្យនគរបាលជួយអន្តរាគមន៏ស្រាវជ្រាវ រកមុខសញ្ញាក្រុមចោរប្លន់ខាងលើ កសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់ ។

ហេតុការណ៏នោះបានកើតឡើង កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧ នៅចំណុចតាមផ្លូវ លំស្ថិតនៅក្បែរវត្តគោកបញ្ជាន់ក្នុងភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

បុរសដែលជាជនរងគ្រោះខាងលើឈ្មោះ ម៉ែន ចន្ធូ អាយុ២៩ឆ្នាំ មុខរបរកម្មករសំណង់ និងរត់ម៉ូតូឌុប ស្នាក់នៅក្នុងភូមិដីថ្មី សង្កាត់ស្ទឹងមានជ័យ មានស្រុកកំណើតនៅក្នុងខេត្តស្វាយរៀង ។ បាត់បង់ម៉ូតូម៉ាកហុងដា ឌ្រីមសេ១២៥ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1FG-1712 រួមជាមួយកាបូបដែលមានលុយ១០០ដុល្លារ, អត្តសញ្ញាណប័ណ្ណ ១ សន្លឹក និងកាតគ្រីម៉ូតូ ១ សន្លឹកផងដែរ ។

បុរសនោះបានរៀបរាប់ប្រាប់នគរបាលថា នៅមុនពេលកើតហេតុខ្លួនបានដឹកម៉ូយម្នាក់ ចេញពីផ្លូវទ្រុងមាន់ ស្ថិតនៅក្នុងភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ឆ្ពោះទៅកាន់ភូមិថ្មគោល សង្កាត់ចោមចៅ ក្នុងតម្លៃ៨០០០រៀល ដោយខណ:នោះខ្លួនមិនបានដឹងថា ជននោះគឺជាចោរនោះឡើយ ។ លុះពេលទៅដល់ ពាក់កណ្ដាលផ្លូវជនសង្ស័យម្នាក់នោះ បានឲ្យឈប់ទិញភេសជ្ជ:បាកាស ១ កំប៉ុងម្នាក់ផឹក រួចទើបជិះម៉ូតូបន្ត ដំណើរទៅមុខទៀត ។

ពេលទៅដល់ត្រង់ចំណុចកើតហេតុខាងលើ ជនសង្ស័យបានធ្វើជាជ្រុះមួក និងបានឲ្យ ខ្លួនឈប់ម៉ូតូដើម្បីចុះទៅរើសមួក ហើយគ្រាន់តែឈប់បានបន្តិចប៉ុណ្ណោះ ក៏ស្រាប់តែមានជនសង្ស័យ៣នាក់ ទៀតជិះម៉ូតូម៉ាកស៊ុយហ្ស៊ុយគីស្មាស់ ១ គ្រឿង និងម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ មួយគ្រឿងទៅដល់ទាញកាំ ភ្លើងខ្លីនិងកាំបិតភ្ជង់គំរាមបាញ់សម្លាប់ ប្លន់យកម៉ូតូ ១ គ្រឿងខាងលើ ព្រមទាំងលូកយកកាបូបលុយ និងទូរសព្ទដៃ ១ គ្រឿងរួចគេចខ្លួនបាត់ដោយសុវត្ថិភាព ៕

មតិយោបល់