ភ្នំពេញៈ ក្នុងឱកាសប្រារព្វពិធីអបអរសាទររំឭកខួបអនុស្សាវរីយ៍ លើកទី៧១ ថ្ងៃកំណើតនគរបាលជាតិកម្ពុជាថ្ងៃទី១៦ឧសភា១៩៤៥ ថ្ងៃទី១៦ឧសភា២០១៦ នៅទីស្តីការក្រសួង នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអំពាវនាវឲ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន និងអង្គការសមាគមជាតិអន្តរជាតិ សុំជួយចូលរួមសហការជាមួយកងកម្លាំងនគរបាលជាតិ គ្រប់លំដាប់ថ្នាក់ ដើម្បីធ្វើឲ្យសន្តិសុខ សណ្តាប់ធ្នាប់សង្គមជាតិឲ្យមានភាពល្អប្រសើរឡើង ។
ក្នុងឱកាសនោះ សម្តេចក្រឡាហោម ស ខេង បានថ្លែងកោត សរសើរថា ក្នុងរយៈពេលកន្លងមកនេះ កងកម្លាំងនគរបាលជាតិ ដែលបានប្រសូតចេញពីកូនចៅពលដ្ឋខែ្មរគ្រប់ជំនាន់បានឆ្លងកាត់ឧបសគ្គជាច្រើន ហ៊ានពលីជីវិតគ្រប់បែបយ៉ាង និងបានប្រកៀកស្មាជាមួយកងយោធពលខេមរភូមិន្ទ ការពារជាតិ សាសនា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ និងរាជរដ្ឋាភិបាល ស្របច្បាប់ ដែលប្រសូត្រចេញពីការបោះឆ្នោត ។
សម្តេចក្រឡាហោម មានប្រសាសន៍ថា ក្នុងនោះដែរ កងកម្លាំង នគរបាលជាតិក៏បានបំពេញតួនាទី ភារកិច្ចរបស់ខ្លួនរាប់មិនអស់ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ការពារឯករាជ្យ អាធិបតេយ្យភាពជាតិ បូរណភាពទឹកដី រក្សាស្ថិរភាពនយោបា ប្រឆាំងទប់ស្កាត់រាល់ ឧបាយកល ប៉ុនប៉ងធ្វើវិទ្ធង្សនា អំពើភេរវកម្ម បង្ការ និងបង្ក្រាប ឧក្រិដ្ឋកម្មឆ្លងដែន បទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ និងការពារអាយុជីវិត ទ្រព្យសម្បត្តិប្រជាពលរដ្ឋ រក្សាសុខសុវត្ថិភាព នៅមូលដ្ឋាន និងរបៀបរៀបរយសណ្តាប់ធ្នាប់សាធារណៈក្នុងសង្គម ក្រៅពីនេះកងកំលាំងនគរបាលក៏បានចូលរួមលេណដ្ឋានសមរភូមិជាមួយកងទ័ពនៃកងយោពលខេមរភូមិន្ទ ការពារខែ្សបន្ទាត់បង្គោល ខ័ណ្ឌសីមាព្រំដែនផងដែរ។
សម្តេចក្រឡាហោម ថា តាមរយៈកិច្ចខិតខំថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់នោះ បានជំរុញឲ្យកម្ពុជាមានស្ថេរភាពនយោបាយ បន្តសម្រេចបាននូវកំណើនសេដ្ឋកិច្ចក្នុងរង្វង់៧% និងចំណូលប្រជាពលរដ្ឋជាមធ្យមម្នាក់ៗកើនដល់១៣២៥ដុលា្លរអាមេរិកក្នុមួយឆ្នាំ។
ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានថ្លែងបញ្ជាក់ថា ក្នុងឆ្នាំ២០១៥កន្លងមក នគរបាលជាតិបានប្រមូលផ្តុំអនុវត្តភារកិច្ចស្នូលរបស់ខ្លួន ក្នុងការថែរក្សាសន្តិសង្គម ធ្វើបឲ្យបទល្មើសបន្តថយចុះ៤%បន្ថែមទៀត បើធៀបឆ្នាំ២០១៤ ដែលមានត្រឹម២៧០៨ករណី លើ ២៨១៤ករណី និងបានចាត់វិធានការបង្ក្រាបបណ្តាករណីបទល្មើសកើនឡើងរហូតដល៧៩%ឃាត់ខ្លួនជនល្មើសបានជាង៣០០០នាក់៕
មតិយោបល់