ព័ត៌មានជាតិ

ជាប់ទាំងអស់!!! អាលួចក៏ជាប់ អាជក់ក៏…

ភ្នំពេញ: នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ០៤នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ក្នុងនោះពីរនាក់ ជាក្រុមចោរលួចគាស់ផ្ទះ ,កាច់ ក ម៉ូតូ របស់ប្រជាពលរដ្ឋ យ៉ាងសកម្ម ហើយថែមទាំងធ្លាប់ជាប់ពន្ធនាគារព្រៃស ជាច្រើនលើកផងដែរ ០២នាក់ទៀត គឺជាអ្នកប្រើប្រាស់គ្រឿងញៀនជាមួយគ្នា។

កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ១១និង៣០នាទី នៅចំណុចភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ បានឆ្មក់បង្ក្រាបបានជនសង្ស័យ ០៤នាក់ កំពុងជក់គ្រឿងញៀន ហើយជាមុខសញ្ញាលួចមិនរៀងចាល ទោះបីធ្លាប់ជាប់ពន្ធនាគារជាច្រើនលើកយ៉ាងណាក៏ដោយ យកមកទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការសួរចម្លើយ។

ជនសង្ស័យមានឈ្មោះ៖
១/ ភាន់ សុខា ហៅផាន់ ឌី ភេទប្រុស អាយុ ៣០ឆ្នាំ។
២/ ធី រឹទ្ធ ហៅខ្មៅ ភេទប្រុស អាយុ ៣៤ឆ្នាំ។
៣/ ម៉ៅ សុខ ហៅជា ភេទប្រុស អាយុ ៣១ឆ្នាំ។
៤/ សាន្ត ភារ: ភេទប្រុស អាយុ ២២ឆ្នាំ។

ក្រោមវិធានការជំនាញរបស់សមត្ថកិច្ចការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ពួកគេទាំង ០៤នាក់ បានសារភាពឲ្យដឹង រៀងៗខ្លួនថា៖
១/ឈ្មោះ ភាន់ សុខា ហៅផាន់ ឌី បានប្រាប់ឲ្យដឹងថា រូបគេធ្លាប់ជាប់ពន្ធនាគារព្រៃសកាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៧ រយ:ពេល ០២ឆ្នាំ ករណីប្រើប្រាស់គ្រឿងញៀន ចេញមកវិញកាលពីថ្ងៃទី០៨ មករា ឆ្នាំ២០១៩។ លុះរហូតដល់អំឡុងខែមិថុនា ឆ្នាំ២០១៩ រូបគេបានស្គាល់បុរសម្នាក់ឈ្មោះ យក្ស នៅកន្លែងលេងហ្គេម ក្រោយមករូបគេបានបបួលគ្នាដើរលួច បន្ទាប់ពីលេងហ្គេមបាញ់ត្រីចាញ់អស់ ហើយរូបគេទាំងពីរនាក់ ធ្លាប់ធ្វើសកម្មភាពលួចជាមួយគ្នា ០៣លើក: លើកទី១ ក្នុងអំឡុងចុងខែមិថុនា ឆ្នាំ២០១៩ បានធ្វើសកម្មភាពលួចបានម៉ូតូ ០១គ្រឿង ម៉ាក វ៉េវ ពណ៌ទុំព្រីង នៅចំណុចភូមិព្រៃស យកទៅលក់នៅម្តុំវត្ថអង្គតាម៉ិញ បានតម្លៃ ២៥០ដុល្លារអារមេរិក។ លើកទី២ លួចបានម៉ូតូ ០១គ្រឿង ម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ឡើងតែម ២០១៩ នៅចំណុចភូមិព្រៃស លក់បានតម្លៃ ១៥០ដុល្លារអាមេរិក។ លើកទី៣ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ បានធ្វើសកម្មភាពលួចបានម៉ូតូ ០១គ្រឿង ម៉ាកឌូក ពណ៌ខ្មៅ លាយក្រហម នៅចំណុច ភូមិព្រៃល្វា ហើយឈ្មោះ យក្ស បានប្រាប់ឲ្យរូបគេជិះម៉ូតូនោះ ចេញពីម្តុំរោងចក្រ ៦ជាន់ ទៅលក់នៅម្តុំច្បារអំពៅ លុះពេលរូបគេជិះដល់ម្តុំផ្សារដើមថ្កូវ ក៏វង្វេងផ្លូវ ហើយម៉ូតូក៏ខូច រូបគេបានអូសម៉ូតូនោះ ទៅផ្ញើរនៅកន្លែងលេងហ្គេមនៅក្បែរនោះ ហើយរូបគេបានជិះកង់បីត្រឡប់មករោងចក្រ ៦ជាន់វិញ។ រហូតដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង០៩និង០០នាទី ខណ:ដែលរូបគេកំពុងលេងហ្គេមម្តុំរោងចក្រ៦ជាន់នោះ ក៏មានសមត្ថកិច្ចអាវុធហត្ថចុះមកឃាត់ខ្លួនរូបគេតែម្តង។

២/ឈ្មោះ ធី រឹទ្ធ ហៅខ្មៅ បានប្រាប់ឲ្យដឹងថា តាំងពីឆ្នាំ ២០១៣ រហូតដល់បច្ចុប្បន្ន រូបគេតែងតែប្រើប្រាស់គ្រឿងញៀនជាប្រចាំ ជាមួយបក្សពួក ០៤នាក់ទៀត មានឈ្មោះ ឆន ដាវីដ ភេទប្រុស អាយុ ២២ឆ្នាំ។ ឈ្មោះ ធី ភេទប្រុស អាយុ ១៩ឆ្នាំ។ ឈ្មោះ ព្រំ ស្រីម៉ៅ ភេទស្រី អាយុ ១៩ឆ្នាំ ,ឈ្មោះ ភ័ក្រ្ក អាយុ ២៨ឆ្នាំ។ កាលអំឡុងឆ្នាំ២០១៥ រូបគេ និងបក្ខពួក ខាងលើ បានធ្វើសកម្មភាពលួចគាស់ផ្ទះប្រជាពលរដ្ឋ យកទ្រព្យសម្បត្តិ ចំនួន ០៤លើក៖ លើកទី១ ធ្វើសកម្មភាពលួចគាល់ផ្ទះប្រជាពលរដ្ឋ នៅភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ លួចបានសម្ភារ:មួយចំនួន លក់បានប្រាក់ ១០ម៉ឺនរៀល ចែកគ្នា ,លើកទី២ ធ្វើសកម្មភាពលួចគាល់បន្ទប់ជួលនៅម្តុំអាគារលឿង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ យកបានកង្ហារ ចង្ក្រានហ្កាស និងសម្ភារ:ផ្សេងទៀត យកទៅលក់បានប្រាក់ ០៨ម៉ឺនរៀល ,លើកទី៣ ធ្វើសកម្មភាពលួចគាស់បន្ទប់ជួលនៅមុខរោងចក្រ៦ជាន់ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ យកបាន កង្ហារ ចង្រ្កានហ្កាស យកទៅលក់បានប្រាក់ ១០ម៉ឺនរៀល ,លើកទី៤ ធ្វើសកម្មភាពលួចគាល់បន្ទប់ជួលនៅមុខរោងចក្រ៦ជាន់ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធ៍សែនជ័យ លួចមានកង្ហារ ចង្ក្រានហ្កាស លក់បានប្រាក់ ០៧ម៉ឺនរៀល។ បន្ទាប់មករូបគេ និងបក្ខពួកទាំង ០៤នាក់នោះ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបាន នៅក្នុងផ្ទះជួល ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ដពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហើយបានកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដាក់ឲ្យជាប់ពន្ធនាគារព្រៃស រយ:ពេល ០៤ឆ្នាំ។ រហូតមកដល់ថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០១៩ រូបគេ បានចេញពីពន្ធនាគារមកវិញ បន្ទាប់មកក្នុងខែកក្កដា-សីហា ឆ្នាំ២០១៩ រូបគេបានធ្វើសកម្មភាពលួចឆ្កឹះសោរបង្អួចតែម្នាក់ឯង ចូលក្នុងបន្ទប់ជួលក្នុងភូមិត្រពាំងថ្លឹងលួចយកទូរស័ព្ទដៃតាមបន្ទប់ ចំនួន ៣០លើក បានសម្រេចប្រហែល១០លើក ហើយបានយកទូរស័ព្ទដែលលួចបានទៅលក់នៅផ្សារត្រពាំងថ្លឹង បានប្រាក់ចំនួន ៣០ដុល្លាអាមេរិក ទៅ៥០ដុល្លាអាមេរិក។ រហូតដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ រូបគេបានធ្វើសកម្មភាពលួចឆ្កឹះសោរបង្អួចបន្ទប់ជួលនៅចំណុចរោងចក្រប្រាំមួយជាន់ ភូមិត្រពាំងថ្លឹង លួចបានទូរស័ព្ទម៉ាក រីវ៉ូ ពណ៌ក្រហម យកទៅលក់នៅផ្សារត្រពាំងថ្លឹងបានប្រាក់ ៣០ដុល្លាអាមេរិក រួចរូបគេបានទៅទិញគ្រឿងញៀនយកទៅប្រើប្រាស់ក្នុងបន្ទប់ជួល។ លុះដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង០៩:៤៥នាទី ខណ:ពេលដែលរូបគេកំពុងជក់គ្រឿងញៀនក្នុងបន្ទប់ជួល ស្រាប់តែមានសមត្ថកិច្ចអាវុធហត្ថចុះមកឃាត់រូបខ្លួនតែម្តង។

៣/ឈ្មោះ ម៉ៅ សុខ ហៅជា ,ឈ្មោះ សាន្ត ភារ: បានប្រាប់ឲ្យដឹងថា ពួកគេមិនដែលធ្វើសកម្មភាពលួចនោះទេ ប៉ុន្តែពួកគេធ្លាប់ប្រើប្រាស់គ្រឿងញៀនជាមួយ ឈ្មោះ ភាន់ សុខា ហៅ ផាន់ ឌី(ឃាត់ខ្លួន) និងឈ្មោះ ធី រឹទ្ធ ហៅខ្មៅ(ឃាត់ខ្លួន)ប៉ុណ្ណោះ៕

មតិយោបល់