ភ្នំពេញៈ ស្ត្រីវ័យ៦៥ឆ្នាំម្នាក់ ត្រូវបានលោកស្រី ថ្លាង ផាណែត ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦ បើកសវនាការជំនុំជំម្រះពាក់ព័ន្ធសំណុំរឿងឆបោកលុយគេប្រមាណជាង១ម៉ឺនដុល្លារ ដើម្បីរត់ការដោះលែងជនសង្ស័យនៅសាលាដំបូងខេត្តកំពង់ស្ពឺ ក្នុងអំឡុងឆ្នាំ២០១៣ បទល្មើសដែលមានចែងឲ្យផ្តន្ទាទោសតាមមាត្រា៣៧៧ និងមាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌ។
ដើមបណឹ្តងនៃសំណំរឿងនេះ មាន៣នាក់ រួមមាន -ទី១ឈ្មោះ យឹម សុខគា ភេទស្រី បានអះអាងថា ប្តីរបស់ខ្លួនជាអ្នករកស៊ីរត់ឡានឈ្នួល ហើយមានគេជួលគាត់ដឹកអីវ៉ាន់ ដោយមិនដឹងថា ជារំសេវដែលគេបានលួចពីក្នុងកងពលង៧០ឡើយ រួចក៏បានរត់គេចខ្លួនបាត់។ ក្រោយមកសមត្ថកិច្ចចាប់បានអ្នកលួចរំសេវនោះ យកទៅតុលាការខេត្តកំពង់ស្ពឺ។ ដើមបណ្តឹងរូបនេះ បន្តថា ដោយខ្លាចប្តីជាប់គុក ពេលនោះ ឪពុកចុងខ្លួនបាននិយាយថា គាត់ស្គាល់ស្ត្រី ប្រាជ្ញ និមល អាចជួយនិយាយជាមួយតុលាការខេត្តកំពង់ស្ពឺ កុំឲ្យចាប់ប្តី និងដោះលែងបក្ខពួកឲ្យមានសេរីភាពវិញបាន។ ក្រោយមកខ្លួនក៏បានទំនាក់ទំនងជាមួយជនជាប់ចោទ ហើយជនជាប់ចោទបានប្រាប់ថា រឿងនេះ ត្រូវតែរកមេធាវី ហើយពេលនោះខ្លួនបានសួរជនជាប់ចោទថា គេយកប៉ុន្មាន ជនជាប់ចោទប្រាប់ថា ថ្លៃសេវាមេធាវីម្នាក់ៗ ១,៥០០ដុល្លារ (មានគ្នា៣នាក់)។ ដោយព្រមព្រៀងតម្លៃគ្នារួច ខ្លួនក៏បានប្រគល់លុយឲ្យជនជាប់ចោទចំនួន៤លើក សរុបអស់ចំនួន៥,៣០០ដុល្លារ ទាំងថ្លៃសេវា និងថ្លៃរត់ការ។ -ទី២ដើមបណឹ្តងឈ្មោះ សុខ នី និងទី៣ឈ្មោះ ភួង ម៉ាលី បាននិយាយថា ដើម្បីពឹងឲ្យជនជាប់ចោទរត់ការ កុំឲ្យតុលាការខេត្តកំពង់ស្ពឺ ចាប់កូនៗ ពួកខ្លួនបានប្រគល់លុយទៅឲ្យជនជាប់ចោទចំនួន៤,៨៣០ដុល្លារ។
ក្រុមដើមបណ្តឹងថ្លែងថា ដោយសារការងារនោះ មិនបានសម្រេច ទើបពួកខ្លួនបានទារលុយពីជនជាប់ចោទវិញ ប៉ុន្តែជាប់ចោទមិនព្រមប្រគល់ឲ្យទើបប្តឹងឲ្យចាប់ខ្លួនតែម្តងទៅ។
នៅក្នុងសវនាការ ស្ត្រីជនជាប់ចោទឈ្មោះ ប្រាជ្ញ និមល បានបដិសេធថា ខ្លួនមិនបានឆបោកលុយរបស់ដើមបណ្តឹងទេ។
ទោះជាយ៉ាងណា សំណុំរឿងនេះ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោកស្រី ថ្លាង ផាណែត សម្រេចលើកពេលប្រកាសសាលក្រមទៅរសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៦ខាងមុខ៕
មតិយោបល់