ភ្នំពេញៈ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពឆក់កាបូបពីស្ត្រីជាបុគ្គលិកខារ៉ាអូខេម្នាក់បានសម្រេច បណ្តាលឲ្យម៉ូតូទាក់ដៃចង្កូតគ្នាដួល ហើយក៏ត្រូវប្រជាពលរដ្ឋចាប់ប្រគល់ទៅឲ្យសមត្ថកិច្ចមូលដ្ឋាន បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង២និង៤០នាទីទៀបភ្លឺ ថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩ត្រង់ចំណុចក្បែរខាងក្រោមស្ពានអាកាសស្ទឹងមានជ័យ តាមបណ្ដោយផ្លូវព្រះមុន្នីរ៉េត ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។
ជនរងគ្រោះឈ្មោះ សុភក្ត័ អាយុ៣៣ឆ្នាំ មុខរបរធ្វើការនៅខារ៉ាអូខេអេកូ ស្នាក់នៅក្រោយវត្តស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។ ចំណែកឯជនសង្ស័យមានឈ្មោះ ភឿន តួ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរនិងកន្លែងស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណើតនៅស្រុកស្អាង ខេត្តកណ្ដាល។
បើតាមសម្តីស្ត្រីរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុគាត់បានជិះម៉ូតូមួយគ្រឿងម៉ាក ធូដេ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1FS-4845 ទើបតែជិះចេញមកពីកន្លែងធ្វើការនៅម្តុំស្តុបដេឥន្ទ បំណងត្រឡប់ទៅផ្ទះវិញនៅវត្តស្ទឹងមានជ័យ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុន្នីរ៉េត ក្នុងទិសដៅពីស្តុបផ្សារដើមគរឆ្ពោះទៅស្ទឹងមានជ័យ។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក អ៊ិចសាយទ័រ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1HB-2656 ជិះមកពីក្រោយបានធ្វើសកម្មភាព ឆក់កាបូបពីរូបគាត់ដែលស្ពាននឹងខ្លួន បណ្តាលឲ្យដាច់ខ្សែបានសម្រេច ហើយបណ្តាលឲ្យដៃម៉ូតូរបស់ជនសង្ស័យរ៉េទៅទាក់ជាមួយដៃម៉ូតូជនរងគ្រោះឲ្យដួលទាំងអស់គ្នា។ ភ្លាមៗនោះផងដែរ ក៏មានប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ បាននាំគ្នាជួយអន្តរាគមន៍ចាប់ឃាត់ជនសង្ស័យ និងបានស្វាគមន៍ម្នាក់មួយដៃមួយជើងបណ្តាលឲ្យហើមមុខ មើលលែងស្គាល់ចង់ស្គាល់។ ដោយឡែកកាបូបរបស់ជនរងគ្រោះក៏ត្រូវបានជនឆ្លៀតឱកាសធ្វើការលួចយកទៅ ខណៈពេលដែលមានប្រជាពលរដ្ឋជាច្រើនមកជួយធ្វើការអន្តរាគមន៍។ ប៉ុន្តែសំណាងល្អដែលនៅក្នុងកាបូបរបស់ជនរងគ្រោះដែលបានបាត់ទៅនោះមិនមានវត្ថុមានតម្លៃ គឺមានតែម្សៅផាត់មុខតែប៉ុណ្ណោះ។
ក្រោយពីកើតហេតុជនសង្ស័យរួមទាំងវត្ថុតាំង ត្រូវបានសមត្ថកិច្ចមូលដ្ឋាននាំយកទៅសាកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងសាឡាងដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោករង់ចាំធ្វើការចាត់ការទៅតាមនីតិវិធីច្បាប់៕








មតិយោបល់