ភ្នំពេញៈក្រុមមន្ត្រីប៉ូលិសតូចតាចនៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និងខេត្តព្រៃវែង ក៏ដូចជាខេត្តកណ្ដាល បានខ្សឹបមកនាយក្តាមប្រៃយើងឲ្យដឹងថា លោក ព្រាប គារ៉ាត់ មេគយចល័តតាមផ្លូវជាតិលេខ១ កំពុងតែត្រូវប៉ាន់រឿងទំនិញបង់ពន្ធមិនគ្រប់ ដោយលោកបានសហការល្អជាមួយមេប៉ូលិសសេដ្ឋកិច្ចទាំង៣ខេត្ត ប្រមូលលុយពីក្រុមឈ្មួញដាក់ហោប៉ៅខ្លួនឯង បើឈ្មួញណារឹងទទឹងមិនបង់លុយតាមការទាមទារបើកគេចនោះ ពួកគេនឹងព្រមានចាប់យកទៅកន្លែង ដើម្បីព្រមានដល់ឈ្មួញដទៃទៀតឲ្យចេះគោរព និងកោតខ្លាចពួកគេ។
ក្រុមមន្ត្រីបានខ្សឹបប្រាប់នាយក្តាមប្រៃយើងទៀតថា ក្រុមឈ្មួញបានដឹកជញ្ជូនទំនិញគ្រប់ប្រភេទលើសចំណុះចេញពីព្រំដែនវៀតណាម ខេត្តស្វាយរៀង ឆ្លងកាត់ខេត្តព្រៃវែង ខេត្តកណ្ដាល ចូលមករាជធានីភ្នំពេញ ដោយគ្មានមន្ត្រីណាអើពើទប់ស្កាត់នោះទេ ព្រោះមន្ត្រីទាំងនោះត្រូវដងត្រូវផ្លែគ្នាយកប្រយោជន៍ដាក់ហោប៉ៅ ដោយមិនខ្វល់ពីបញ្ហាខូចផ្លូវ ខូចស្ពាននោះទេ។ ប្រភពខ្សឹបបន្តថា នៅម៉ោង១១យប់ ខ្សែរថយន្តដឹកទំនិញលើសចំណុះបានឆ្លងកាត់ស្ពានអ្នកលឿងយ៉ាងគគ្រឹកគគ្រេង ដោយរថយន្តមួយគ្រឿងៗ មានចំណុះចាប់ពី៥០តោន ទៅដល់៧០តោន។
មន្ត្រីប៉ូលិស បានខ្សឹបប្រាប់នាយក្តាមប្រៃ ឲ្យដឹងទៀតថា អ្នកដែលត្រូវប៉ាន់ជាងគេ គឺលោក ព្រាប គារ៉ាត់ មេគយចល័តទទួលខុសត្រូវផ្លូវជាតិលេត១នោះតែម្ដង ព្រោះគេកម្រឃើញក្រុមគយចល័តនេះ ចាប់ទំនិញដែលបង់ពន្ធមិនគ្រប់ណាស់ គឺឃើញតែចុះទៅគោះយកលុយពីម្ចាស់ទំនិញប៉ុណ្ណោះ ប៉ុន្តែប្រសិនបើឈ្មួញណារឹងទទឹង គេបញ្ជាឲ្យចាប់យកទៅស្នាក់ការរបស់គេមិនខានឡើយ។ មិនតែប៉ុណ្ណោះ លោក ព្រាប គារ៉ាត់ ក៏បាន និងកំពុងត្រូវប៉ាន់ ក្នុងការប្រមូលលុយពីមុខរបរជួញដូរឈើគ្រញូងផងដែរ។ មួយថ្ងៃៗ រថយន្តដែលដឹកលើសទម្ងន់ និងដឹកទំនិញបង់ពន្ធមិនគ្រប់ បានឆ្លងកាត់ស្ពានអ្នកលឿងរាប់សិបគ្រឿង មិនដែលឃើញមន្ត្រីជញ្ជីងទាំងប៉ែកខាងកើត និងខាងលិចចាប់រថយន្តទាំងនោះណាស់ ព្រោះពួកគេត្រូវរ៉ូវគ្នាបំផ្លាញចំណូលពន្ធរដ្ឋ និងបំផ្លាញផ្លូវ ក៏ដូចជាបំផ្លាញស្ពាន គ្មានគិតក្រែងពីផលប៉ះពាល់ប្រយោជន៍សាធារណៈឡើយ។
ទោះជាយ៉ាងណាក្ដី ការខ្សឹបប្រាប់នាយក្តាមប្រៃពីសំណាក់ក្រុមមន្ត្រីខាងលើនេះ គេមិនដឹងថា ពិតក្នុងកម្រិតណានោះទេ ព្រោះមិនអាចសុំការបកស្រាយពីលោក ព្រាប គារ៉ាត បានទេ៕
មតិយោបល់