កំពង់ធំៈ លោកប្រធានការិយាល័យចរាចរណ៍ខេត្តកំពង់ធំ បានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងរថយន្តបុកម៉ូតូ បណ្តាលឲ្យស្លាប់និងរបួស។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង១០នាទី ព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៦ ភូមិឈើទាល ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ។
លោកប្រធានបានបន្តថា ជនរងគ្រោះមានឈ្មោះ ខូវ ម៉ាឡា ភេទស្រី អាយុ២៣ឆ្នាំ ស្នាក់នៅភូមិស្លា ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ (របួសស្រាល) មិនពាក់មួកសុវត្ថិភាព និងអ្នករួមដំណើជាមួយឈ្មោះ ឈនញ៉ជ ភេទស្រី អាយុ៥២ឆ្នាំ ស្នាក់នៅភូមិឃុំជាមួយអ្នកបើកបរម៉ូតូ បានស្លាប់នៅនឹងកន្លែងកើតហេតុ ដោយមិនពាក់មួកសុវត្ថិភាព។
លោកប្រធានបានបន្តទៀតថា មុនពេលកើតហេតុ គេឃើញរថយន្តម៉ាកកាំម៉ាស់ (ផលិតនៅសហភាពសូវៀត) ពណ៌ក្បាលផ្ទៃមេឃ គ្មានស្លាកលេខ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានបើកបរបុកម៉ូតូក្នុងទិសដៅស្របគ្នា ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ1I-3343 របស់ជនរងគ្រោះពេញទំហឹង បណ្តាលឲ្យស្រ្តីម្នាក់ស្លាបភ្លាមៗនៅនឹងកន្លែង និងម្នាក់ទៀតរបួសស្រាល។
ក្រោយពីបង្កហេតុ រថយន្តបានបើកគេចពីកន្លែងកើតហេតុ យកមកចតទុកចោលនៅក្នុងព្រៃ ក្នុងភូមិតាមើរ ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ហើយសមត្ថកិច្ចតាមរកឃើញនៅវេលាម៉ោង១២និង៣៥ នាទីថ្ងៃត្រង់ទី១៩ ខែមេសា ឆ្នាំ២០១៧។
ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿង និងប្រមូលវត្ថុតាងរក្សាទុកនៅអធិកាដ្ឋាននគរបាលស្រុកស្ទោង ។ មូលហេតុជាបឋម បង្កឡើងដោយអ្នកបើកបររថយន្តបើកមានល្បឿនលឿន រួមផ្សំអ្នកជិះម៉ូតូបើកមិនប្រកាន់ស្តាំ។ ចំណែកសាកសព ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់