ព័ត៌មានជាតិ

មេប៉ុស្តិ៍ត្រពាំងក្រញូងបើកភ្លើងខៀវឲ្យក្រុមឈ្មួញដឹកឈើចេញទៅវៀតណាមយ៉ាងគគ្រឹកគគ្រេង

ក្រចេះ: មន្ត្រីរាជការនឹងប្រជាពលរដ្ឋបានប្រាប់ Post News ឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ គេឃើញមានឡានឈ្មួញដឹកឈើទាំងថ្ងៃកាត់តាមភូមិវាល៣ ចក្រីហេង ស្ថិតក្នុងឃុំពី២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ និងជិតព្រំប្រទល់ស្រុកកែវសីម៉ាខេត្តមណ្ឌលគីរី ជាប់នឹងព្រំប្រទល់ប្រទេសវៀតណាម ដែលមានច្រករបៀងមួយចំនួនមានឡានដឹកឈើហ៊ុបទាំងថ្ងៃតាមច្រកប៉ុស្តិ៍ត្រពាំងក្រញូងដែលគ្រប់គ្រងច្រករបៀងដោយលោកធីម ធឿន តែបែរជាលោកមេវ្រកនេះមិនបង្ក្រាប់ទេ។

សកម្មភាពបែបនេះ ត្រូវបានចោទប្រកាន់លោក ធឹម ធឿន រូបនេះកំពុងសប្បាយចិត្តឃុបឃិតនឹងក្រុមឈ្មួញដឹកឈើយកប្រាក់ដាក់ហោប៉ៅធ្វើមានធ្វើបានដែលក្រុមឈ្មួញបង់លុយឲ្យយ៉ាងក្រាស់ក្រែលខណៈពួកគេដឹកជញ្ជូនឈើយកទៅលក់នៅឯប្រទេសវៀតណាមឆ្លងកាត់ច្រកប៉ុស្តិ៍របស់លោកទាំងថ្ងៃទាំងយប់យ៉ាងគគ្លើនមិនខ្លាចនឹងច្បាប់ដែលរដ្ឋាភិបាលកំពុងតែបើកយុទ្ធនាការបង្ក្រាបកន្លងមកថ្មីៗមិនទាន់បាត់ក្តៅដីផងនោះ។

ឯក្នុងទឹកដីស្រុកកែវសីមា ខេត្តមណ្ឌលគិរីឯណោះវិញ បើតាមប្រភពពីប្រជាសហគមន៌បានឲ្យដឹងថា ក្រុមឈ្មួញអារកាប់ឈើពីតំបន់ព្រៃសហគមន៍ស្រែឈូកនឹងតំបន់ព្រៃអភិរៈជីវចម្រុះសីម៉ា ហើយដឹកជញ្ជូនចេញពីទឹកដីឃុំស្រែឈូកស្រុកកែវសីម៉ាឆ្ពោះទៅកាត់តាមផ្លូវការ៉េ៩ ឬហៅថាគីឡូ១២៩ ឆ្លងកាត់ផ្លូវជាតិ៧៦Aក្នុងទឹកដីស្រុកស្នួលខេត្តក្រចេះចូលតាមច្រករបៀងផ្សេងៗទៅលក់ឲ្យក្រុមឈ្មួញវៀតណាម ដោយមិនខ្លាចរអែងសម្ថកិច្ចនោះទេ។

ប្រភពដដែលបានបន្តថា គេដឹកជញ្ជូនតាមឡានគោយន្តឆ្នៃរថយន្តកូរ៉េ និងរថយន្តសាំយ៉ុងដឹកហ៊ុបដឹកជ្រលង់ម្រេច មួយថ្ងៃៗមួយយប់មិនក្រោម១០ទៅ១៥គ្រឿងនោះឡើយ។ ដែលពួកគេដឹកទៅតាមច្រករបៀងមួយចំនួនដូចជា៖ (PH១២គេហៅថាៈង៉ាំ៦២) មួយទៀត(PH១១ហៅង៉ាំប៊ិនឌាំង)ដែលពួកឈ្មួញនាំឈើចេញរាល់យប់ថ្ងៃនេះ ដោយគ្មានសមត្ថកិច្ចណាមកបង្រ្កាបទប់ស្កាត់ឡើយ។

ប្រភពពីប្រជាពលរដ្ឋនៅភូមិវាល៣ និងភូមិការបីបាននាំគ្នាដាក់ការសង្សយ័ថាៈប្រហែលជាលោកមេប៉ុស្តិ៍ ធឹម ធឿន រូបនេះត្រូវរ៉ូវគ្នាជាមួយសមត្ថកិច្ចក្នុងស្រុកស្នួលអស់ ហើយមើលទៅបានជាលោក ធឹម ធឿន ហ៊ានបើកដៃឲ្យក្រុមឈ្មួញឈើទាំងថ្ងៃដឹកចេញតាមច្រកប៉ុស្តិ៍របស់លោកដែលគ្រប់គ្រងសព្វថ្ងៃនេះ យ៉ាងគគ្រឹកគគ្រេងទាំងថ្ងៃទាំងយប់ដូច្នេះ ឬមួយលោកមេប៉ុស្តិ៍រូបនេះមានអំណាចខ្លាំងធំធេង ក្នុងស្រុកស្នួលខេត្តក្រចេះនេះ។

ពាក់ពន្ធ័និងករណីនេះភ្នាក់ងារPost Newsមិនអាចសុំការបំភ្លឺពីលោកនាយប៉ុស្តិ៍ត្រពាំងក្រញូងបានទេនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦ដោយទូរសព្ទ័ចូលជាច្រើនដងគ្មានអ្នកទទួល ហើយពេលខ្លះជាប់រវល់៕

photo_2016-05-17_09-36-45 photo_2016-05-17_09-36-46 photo_2016-05-17_09-36-47 photo_2016-05-17_09-36-48 photo_2016-05-17_09-36-49 photo_2016-05-17_09-36-44 photo_2016-05-17_09-36-43

មតិយោបល់