Post News Media ព័ត៌មានជាតិ សំណុំរឿងជនជាត...

សំណុំរឿងជនជាតិចិនសម្លាប់ជនជាតិចិនជម្រិតយកប្រាក់៤មុឺនដុល្លារ ត្រូវបានបំបែក

ភ្នំពេញ: តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ប្រតិបត្តិការដ៏ក្តៅគគុករបស់កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ តាមប្រម៉ាញ់ជនដៃដល់ឆ្លងកាត់ជាច្រើនខេត្ត រហូតចាប់បានជនដៃដល់ ០២ នាក់ (ចិនម្នាក់ ខ្មែរម្នាក់) នៅខេត្តព្រះសីហនុ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧នេះ បន្ទាប់ពីក្រុមជនដៃដល់បានប្រព្រឹត្តអំពើចាប់ជម្រិតជនរងគ្រោះទារប្រាក់ប្រមាណ៤ម៉ឺនដុល្លារតែមិនបានសម្រេច ក៏សម្លាប់ជនរងគ្រោះកាលពី ៨ថ្ងៃមុន រួចបោះចោលចូលទឹកនៅស្ពានអ្នកលឿង ។

លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យបានឲ្យដឹងថា នៅថ្ងៃទី០៨ មេសា ២០១៧ម៉ោងប្រហែល ៦ល្ងាច ជនរងគ្រោះឈ្មោះ ឡហ្វុង បានមកលេងផ្ទះឈ្មោះ អ៊ូ យ៉ាងចឹង នៅបុរីញ៉ូថោន ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ លុះថ្ងៃទី ១០ ខែ មេសា ឆ្នាំ ២០១៧ ម៉ោងប្រហែល ៤ល្ងាចជនរងគ្រោះត្រូវបានជនសង្ស័យឈ្មោះ កៅ កឺយ៊ាន ទូរសព្ទ ហៅជន រងគ្រោះមកជួបនៅម្តុំផ្លូវវេងស្រេង រហូតដល់ម៉ោង ៦ល្ងាច ជនរងគ្រោះបានទូរសព្ទមកម្ចាស់ផ្ទះខ្លួនស្នាក់នៅថា ខ្លួនទៅហូបបាយជាមួយឈ្មោះ កៅ កឺយ៊ាន ចាប់តាំងពីពេលនោះមកបាត់រហូតទាំងរថយន្ត និងជនរងគ្រោះ ។ លុះដល់ថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០១៧ ម៉ោងប្រហែល ៨និង៤០នាទីយប់ ជនសង្ស័យបានទូរសព្ទលេខ ០៩៦ ៥៣ ៧៤០៤១ ខលមកបងស្រីជនរងគ្រោះជំរិតទារប្រាក់ចំនួន៤ម៉ឺនដុល្លា (៤០០០០ដុល្លារ) ។

ប្រភពបន្តថា តាមចម្លើយសារភាព ជនសង្ស័យទាំង ០២ នាក់ បានចាប់ជនរងគ្រោះក្នុងបំណងជម្រិតទារប្រាក់ តែដោយជនរងគ្រោះបដិសេធ មិនព្រមប្រគល់ប្រាក់ ឲ្យតាមការទាមទារ ពួកគេក៏បានសម្រេចចិត្តសម្លាប់ជនរងគ្រោះ ហើយបានដឹកសាកសពតាមរថយន្តយកទៅទម្លាក់ចោលក្នុងទន្លេពីលើស្ពានអ្នកលឿង រួចក៏គេចខ្លួនមកខេត្តព្រះសីហនុតែម្តង ។

ជនសង្ស័យទី១ឈ្មោះ កៅ កឺយ៊ាន ភេទប្រុស ជនជាតិចិន មុខរបរចុងភៅ ស្នាក់នៅមិនពិតប្រាកដ និង ជនសង្ស័យទី២ ត្រូវជាសាច់ថ្លៃមានឈ្មោះ ម៉ុង ចំរើន អាយុ២១ឆ្នាំ ជនជាតិខ្មែរ ។ រីឯជនរងគ្រោះឈ្មោះ ឡ ហ្វុង ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ បើកភោជនីយដ្ឋាន និងស្នាក់នៅខេត្តព្រះសីហនុ ។

លោក យឹម សារ៉ាន់ បានបញ្ជាក់ថា ប្រតិបត្តិការតាមបង្ក្រាប និងចាប់ខ្លួន ជនជនសង្ស័យទាំង ០២ នាក់ខាងលើនេះ បានធ្វើឡើងដោយកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ (ម្ចាស់ករណី) កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ រាជធានីភ្នំពេញ ក្រោមការបញ្ជាផ្ទាល់ពីលោក ជួន សុវណ្ណ សហការជាមួយកម្លាំងនគរបាល នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ កម្លាំងនគរបាលខេត្តក្រចេះ កម្លាំងនគរបាលខេត្តព្រៃវែង និងចុងក្រោយ ជាមួយកម្លាំងនគរបាលខេត្តព្រះសីហនុ ដែលក្រោមការសម្របសម្រួលនីតិវិធីពីសំណាក់ព្រះរាជអាជ្ញារាជធានី-ខេត្តទាំងនោះផងដែរ ។

បច្ចុប្បន្នសម្រាប់ជនសង្ស័យទាំង ០២ នាក់ ត្រូវបាននគរបាលនាំខ្លួនមកសួរនាំបន្តទៀត នៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ៕

Loading...