ព័ត៌មានជាតិ

រឿងហេតុពិត ក្នុងករណីបុរសស្លៀកឯកសណ្ឋាននគរបាលអង្គុយសុំទានដែលកំពុងកក្រើកក្នុងហ្វេសប៊ុក!

ត្បូងឃ្មុំៈ លោក សេនាធិការនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានប្រាប់Post Newsថា បន្ទាប់ពីមានសារព័ត៌មានមួយចំនួន ក៏ដូចជាការចែករំលែកតគ្នា តាមបណ្តាញសង្គមហ្វេសប៊ុក ជុំវិញរឿង បុរសម្នាក់ ពាក់ឯកសណ្ឋាននគរបាល អង្គុយសុំទាន រួចមក កម្លាំងស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានស្រាវជ្រាវរកឃើញថា ជនដែលពាក់ឯកសណ្ឋាននគរបាលអង្គុយ សុំទាននោះ មិនមែនជាមនុស្សមានសតិត្រឹមត្រូវនោះទេ ពោលគឺជាមនុស្សវិកលចរិក( មិនគ្រប់ទឹក)។

ប្រភពដដែលបានបន្តថាទៀត មូលហេតុ ដែលធ្វើឲ្យបុរសម្នាក់គ្រប់ទឹកខាងលើ មានឯកសណ្ឋានមន្ត្រីនគរបាលពាក់នោះ គឺកាលពីប៉ុន្មានឆ្នាំមុន មានមន្ត្រីនគរបាលម្នាក់ បានស្រឡាញ់រាប់អាន ជនមិនគ្រប់ទឹកខាងលើ ស្ទើរតែដូចបងប្អូន ក្រោយមកមន្ត្រីនគរបាលរូបនោះ ក៏មានគ្រោះថ្នាក់រហូតស្លាប់បាត់បង់ជីវិត។ បន្ទាប់មកទៀតដោយជនមិនគ្រប់ទឹកខាងលើ ស្រឡាញ់សម្លៀកបំពាក់មន្ត្រីនគរបាលពេក ក៏មកសុំគ្រួសាររបស់មន្ត្រីនគរបាលដែលស្លាប់ ដោយហេតុថា ចង់ធ្វើបុណ្យដល់មនុស្សដែលនៅរស់ ទើបគ្រួសារជនរងគ្រោះ ព្រមឲ្យសម្លៀកបំពាក់ឯកសណ្ឋានសមត្ថកិច្ចខាងលើ ទៅឲ្យជននោះទុកគ្រាន់ស្លៀក ។

ប្រភពបន្តថា ក្រោយមក រយៈពេលថ្មីៗនេះ ជនមិនគ្រប់ទឹកខាងលើ បានយកសម្លៀកបំពាក់ របស់មិត្តដែលជាមន្ត្រីនគរបាលដែលបានស្លាប់នោះយកមកពាក់ និងចូលក្នុងពិធីដូចជា ឲ្យតែមានបុណ្យភ្ជុំ ចូលឆ្នាំ នៅក្នុងភូមិគឺតែងតែយកមកស្លៀក រួចអង្គុយសុំទានពីអ្នកភូមិ ។ ប៉ុន្តែមានប្រជាជនរស់នៅក្នុងភូមិភាគច្រើន បានដឹងនឹងស្គាល់ ក៏មិនសូវចាប់អារម្មណ៍ចំពោះការស្លៀកពាក់និងអង្គុយសុំទានបែបនេះនោះទេ លុះក្រោយមកទំនងជាមានអ្នកមិនស្គាល់ជនខាងលើ បានឃើញក៏ថតឃ្លីបវីដេអូសកម្មភាពអង្គុយសុំទាន ផុសពេញបណ្តាញសង្គមតែម្តង រហូតធ្វើឲ្យមានការយល់ច្រឡំ ថាមានសមត្ថកិច្ចមកអង្គុយសុំទានបែបនេះ។

គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទី១ទេ ដែលជនខាងលើ ស្លៀកពាក់ឯកសណ្ឋានសមត្ថកិច្ចមកអង្គុយសុំទាន ផ្ទុយទៅវិញគឺច្រើនលើកមកហើយ តែមិនចាប់អារម្មណ៍ព្រោះដឹងថាជាមនុស្សមិនសូវគ្រប់។

ក្រោយមក សមត្ថកិច្ចបានធ្វើការដកហូត យកសម្លៀកបំពាក់ និងសម្ភារៈសម្រាប់កងកម្លាំង១ ចំនួនទៀត យកពីជនខាងលើមករក្សាទុកផងដែរ ចៀសវាងការកើតមាន រឿងហេតុយល់ច្រឡំបែបនេះបន្តទៀត និងបានឧបត្ថម្ភជាថវិការ ដល់ជនខាងលើ ពិសេសឪពុកអ្នកម្តាយរបស់បុរសរូបនេះ ទុកប្រើតាមតម្រូវការផងដែរ៕

https://youtu.be/QshV4akpZgA

មតិយោបល់