ភ្នំពេញៈ ក្រសួងទេសចរណ៍កាលពីពេលថ្មីៗនេះ បានបង្ហាញរបាយការណ៍អំពីប្រភពទីផ្សារទេសចរណ៍សំខាន់ៗមកកម្ពុជារយៈពេល៣ខែដើមឆ្នាំ២០១៦ មានដូចជា មកពីតំបន់អាស៊ីប៉ាស៊ីហ្វិកមានចំនួន ៩៥៣.៥០៩នាក់ ស្មើនឹង៧១ភាគរយ នៃចំនួនសរុប ថយចុះ ០,២ភាគរយ ក្នុងនោះមកពីតំបន់អាស៊ានមានចំនួន៤៥១.៣៥៤នាក់ ស្មើនឹង៣៣,៦ភាគរយ នៃចំនួនសរុប ថយចុះ៣,៣ភាគរយ។
ចំណែកមកពីតំបន់អឺរ៉ុប មានចំនួន ២៦៤.៨៩២នាក់ ស្មើនឹង១៩,៧ភាគរយ នៃចំនួនសរុប កើនឡើង៨,៩ភាគរយ និង មកពីតំបន់អាមេរិកមានចំនួន ១១៥.៣៧១នាក់ ស្មើនឹង៨,៦ភាគរយ នៃ កើនឡើង១៣,៤ភាគរយ។
សម្រាប់ចំនួនទេសចរអន្តរជាតិផ្ទៃក្នុង (Internal Tourist) ទៅទស្សនាតំបន់អាទិភាព (៣ខែដើមឆ្នាំ២០១៦) ក្នុងនោះខេត្តសៀមរាបអង្គរ ទទួលបានទេសចរអន្តរជាតិចំនួន៧០២.៧៥៤នាក់ ស្មើនឹង៤៤,៩ភាគរយ នៃចំនួនសរុប កើនឡើង២ភាគរយធៀបនឹរយៈពេលដូចគ្នាឆ្នាំ២០១៥។
តំបន់ភ្នំពេញ ទទួលបានទេសចរអន្តរជាតិចំនួន៦៣៩.៧២៣នាក់ ស្មើនឹង៤០,៩ភាគរយ នៃចំនួនសរុបកើនឡើង ៣,៤ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៥។
តំបន់ឆ្នេរសមុទ្រ ទទួលបានទេសចរអន្តរជាតិចំនួន២០៣.១២៨នាក់ ស្មើនឹង១៣ភាគរយ កើនឡើង៣,២ភាគរយធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៥។ តំបន់អេកូទេសចរណ៍ភូមិភាគឥសាន្ត ទទួលបានទេសចរអន្តរជាតិចំនួន២០.៣៩២នាក់ ស្មើនឹង១,៣ភាគរយ នៃចំនួនសរុប កើនឡើង៤,៦ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៥។ តំបន់ប្រាសាទព្រះវិហារ ទទួលបានទេសចរអន្តរជាតិចំនួន១៧.១៦៩នាក់ កើនឡើង២០,៦ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៥ និងទទួលបានទេសចរជាតិចំនួន២០.០១០នាក់ កើនឡើង ១៩,១ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៥។
ដោយឡែកសម្រាប់ទេសចរកម្ពុជាចេញទៅទស្សនា កំសាន្តនៅក្រៅប្រទេសរយៈពេល៣ខែ ដើមឆ្នាំ២០១៦វិញ មានចំនួន ៣២៨.៣៤៧នាក់ កើនឡើង ៣៣ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៥៕
មតិយោបល់