កណ្តាលៈ តាមសេចក្តីរាយការណ៍ពីPost News ប្រចាំខេត្តកណ្តាល បានឲ្យដឹងថា មានករណីបុរសម្នាក់ធ្វើអត្តឃាត ចងក សម្លាប់ខ្លួន បង្កឲ្យមានការភ្ញាក់ភ្អើលកាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧ នៅចំណុចដីចម្ការស្វាយ របស់ឈ្មោះ ដួង សម្បត្តិ ហៅហាយ ស្ថិតក្នុងភូមិព្រែកគង់ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។
សមរ្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ស៊ិន សាត់ ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរ កសិករ ស្នាក់នៅក្នុងភូមិឃុំកើតហេតុខាងលើ។
បើតាមការឆ្លើយបំភ្លឺរបស់ឈ្មោះយួន សុខន ត្រូវជាប្រពន្ធរបស់ជនរងគ្រោះបានឲ្យដឹងថា នៅវេលាម៉ោង៥ល្ងាច ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧ ប្តីរបស់គាត់បានទៅហូបការគេ នៅក្នុងភូមិ រហូតដល់ម៉ោងប្រមាណ១០យប់ ទើបប្តីរបស់គាត់ត្រឡប់មកវិញ ដោយសភាពស្រវឹងខ្លាំង ពេលនោះប្រពន្ធ បានប្រាប់ថា «ថ្ងៃក្រោយកុំផឹកស្រវឹងពេក ព្រោះព្រឹកឡើងយើងត្រូវកាត់បន្លែលក់ផង បើស្រវឹង អញ្ចឹងធ្វើការអីកើត» ពេលនោះជនរងគ្រោះ បាននិយាយតបទៅប្រពន្ធថា«ហ្អែង មែនប្រុស អញទៅចងកហើយ»។ ភ្លាមនោះជនរងគ្រោះជាប្តី បានយកខ្សែនីឡុង ពណ៌ស ប្រវែង៣ម៉ែត្រ ពីផ្ទះរបស់ខ្លួន រួចដើរទៅខាងក្រោយផ្ទះ បន្តិចក្រោយមកប្រពន្ធ ក៍ដើរទៅតាម ឃើញប្តីចងក នៅនឹងមែកស្វាយ ដោយខ្សែនីឡុងនោះ កំពស់ពីដី ២.៥០ម៉ែត្រ កំពង់ត្រដរខ្យល់ឃើញដូចនេះប្រពន្ធ ក៏ស្រែកហៅអ្នកជិតខាង មកជួយកាត់ខ្សែចំណងដាក់ចុះហើយនៅមានដង្ហើម ក៏នាំគ្នាយកមកមន្ទីរពេទ្យស្រុកកោះធំ គ្រូពេទ្យបានដាក់បញ្ចូលសេរ៉ូម ហើយដាក់រថយន្តសង្គ្រោះបញ្ជូនមកមន្ទីរពេទ្យភ្នំពេញ រហូតដល់ម៉ោង៣ទៀបភ្លឺ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧ ជនរងគ្រោះបានបាត់បង់ជីវិត រួចក៏ដឹកសាកសពមកលំនៅដ្ឋានវិញ។
ក្រោយពីបានទទួលព័ត៌មាន ផ្នែកជំនាញចុះទៅដល់កន្លែងកើតហេតុ មានអាជ្ញាធរមូលដ្ឋាន ប៉ុស្តិ៍នគរបាលរដ្ឋបាល គ្រូពេទ្យ ផ្នែកជំនាញ និង ក្រុមគ្រួសារសព បានធ្វើការពិនិត្យសាកសព ជនរងគ្រោះ មានស្លាកស្នាម លើគ្រាប់ពោនក ផ្នែកក្រោមទងត្រចៀកខាងស្តាំ ដល់ក្រោមទងត្រចៀកខាងឆ្វេង លិច ខ្សែនីឡុង ស្នាមជាំខ្មៅ ក្រៅពីនេះ ពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សំគាល់ ពាក់ព័ន្ធនឹងករណីអ្វីផ្សេងទៀតទ្បើយ គឺពិតជាធ្វើអត្តឃាត ចងក ប្រាកដមែន ពិនិត្យរួចសមត្ថកិច្ចបានប្រគល់សាកសព ជូនក្រុមគ្រួសារជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់