ភ្នំពេញៈ កាលពីវេលាម៉ោង៨និង៤០នាទីព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦នេះ បុរសម្នាក់ត្រូវបានបុរសជាមិត្តភក្តិម្នាក់ចាប់ខ្លួន យកមកប្រគល់ឱ្យកម្លាំងនគរបាលប៉ុស្តិ៍ទួលស្វាយព្រៃទី១ ក្រោយពីរូបគេបានចូលទៅលេងល្បែងនៅក្នុងកាស៊ីណូណាហ្គាវើល ដោយចាញ់អស់ម៉ូតូ និងទូរស័ព្ទរបស់ខ្លួនអស់ហើយ មិនអស់ចិត្តទៅខ្ចីម៉ូតូមួយគ្រឿងទៀតរបស់មិត្តភក្តិ យកទៅបញ្ចាំលេងល្បែងចាញ់អស់ទៀតនោះ។
ប្រភពឲ្យដឹងថា ជនស្ស័យមានឈ្មោះ យ៉ាន់ កុសល អាយុ២៨ឆ្នាំ មានមុខរបរជាបុគ្គលោកក្រុមហ៊ុនមួយដែលមានទីតាំងនៅក្នុងផាកវ៉េ ស្នាក់នៅផ្ទះជួល ផ្លូវលំ ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មានស្រុកកំណើតនៅឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។
ប្រភពបន្តថា ជនរងគ្រោះមានឈ្មោះ លី ហួត អាយុ ២១ឆ្នាំ បុគ្គលិករបស់ក្រុមហ៊ុនមួយដែលមានទីតាំងនៅក្នុងផាកវ៉េ (បម្រើការងារក្នុងក្រុមហ៊ុនជាមួយគ្នា) មានទីលំនៅក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក បានប្រាប់ឱ្យដឹងថា កាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី១៥ឧសភា កន្លងទៅនេះ នៅខាងមុខផាកវ៉េ បុរសជាជនសង្ស័យបានខ្ចីម៉ូតូរបស់ខ្លួនម៉ាកហុងដា C125 ពណ៌ខ្មៅ ពាក់ស្លលាកលេខភ្នំពេញ១FL-២៤១៦ មួយគ្រឿងដោយប្រាប់ថា ជិះចូលទៅក្នុងក្រុមហ៊ុន ដើម្បីស្គេនមេដៃ ហើយយកទៅបញ្ជាំលេងល្បែងចាញ់អស់នោះ។
ហេតុការណ៍នេះ កើតឡើងខណៈជនរងគ្រោះ រង់ចាំអស់រយៈពេលយ៉ាងយូរ ហើយមិនឃើញត្រឡប់មកវិញ និងទូរស័ព្ទរក៏មិនចូលនោះ ក៏បានដើរទៅក្នុងក្រុមហ៊ុនតែមិនឃើញបុរសរូបនោះ ទើបរត់ទៅដាក់ពាក្យបណ្តឹងនៅនគរបាលប៉ុស្តិ៍ទួលស្វាយព្រៃទី១ តែម្តង។
តាមប្រភពដដែលបានប្រាប់បន្តទៀតថា លុះនៅថ្ងៃទី១៦ឧសភា ក៏បានទៅរកបុរសរូបនោះ ដល់បន្ទប់ផ្ទះជួល ទើបបានជួបតែម៉ូតូត្រូវបានគេប្រាប់ថា យកទៅបញ្ចាំនៅកាស៊ីណូ ណាហ្គា បានលុយចំនួន៥០០ដុល្លារ លេងល្បែងចាញ់អស់ហើយ។ក្រោយពេលដែលដឹងថា បុរសរូបនោះយកម៉ូតូរបស់ខ្លួនយកទៅបញ្ចាំយកលុយលេងល្បែងចាញ់អស់ទៅហើយនោះ និងរកលុយទៅលោះយកម៉ូតូបានខ្លួនមកវិញមិនបានទើបចាប់ខ្លួនយកមកប្រគល់ឲ្យកម្លាំងនគរបាលប៉ុស្តិ៍ទួលស្វាយព្រៃទី១តែម្តង។
ក្រោយពីបុរសជាជនរងគ្រោះនាំខ្លួនបុរសជាជនសង្ស័យយកមកប្រគល់ឲ្យកម្លាំងនគរបាលប៉ុស្តិ៍ទួលស្វាយព្រៃទី១ ធ្វើការសាកសួរនោះ រូបគេបានសារភាពថា ខ្លួនពិតជាបានខ្ចីម៉ូតូម៉ាងហុងដា C125 មួយគ្រឿងយកទៅបញ្ជាំលេងល្បែងនៅកាស៊ីណូ ណាហ្គា ចាញ់អស់ពិតប្រាកដមែន ក្រោយពីលេងចាញ់អស់ម៉ូតូមួយគ្រឿង និងទូរស័ព្ទមួយគ្រឿង របស់ខ្លួនអស់រួចមក។
ក្រោយពីទទួលបាននូវពាក្យបណ្តឹងរបស់បុរសជាជនរងគ្រោះ និងការសារភាពរបស់បុរសជាជនសង្ស័យរួចមក កម្លាំងនគរបាលប៉ុស្តិ៍ទួលស្វាយព្រៃទី១ ក៏បានកសាងសំណុំរឿងនិងបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ជាបន្តទៅទៀត៕
មតិយោបល់