ព័ត៌មានជាតិ

គួរប្រុងប្រយត្ន័! ស្រ្តីម្នាក់សាកថ្មទូរសព្ទទុកចោល បណ្តាលឲ្យផ្ទុះឆេះផ្ទះ

ភ្នំពេញៈ តាមសេចក្តីរាយការណ៍ពីភ្នាក់ងារបានប្រាប់ថា កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧ មានករណីអគ្គិភ័យមួយកន្លែងកើតឡើងនៅចំណុចផ្ទះលេខ១៧២ តាមបណ្តោយផ្លូវលំ ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សុខ ចាន់ណា ភេទស្រី អាយុ៤៥ឆ្នាំ មុខរបរ ម្ចាស់ហាងអ៊ុតសក់។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យឆាបឆេះគឺមកពីសាកថ្មទូរសព្ទចោល បង្កជាអគ្គិភ័យឆាបឆេះតែម្តង។ ក្នុងនោះខូចខាតសម្ភារៈដូចជា៖ ផ្ទះថ្មបេតុងទំហំ ៤គុណ១៦ម៉ែត្រ, កង្ហារចំនួន១,ពូកនិងគ្រែចំនួន,និងឆេះម៉ាស៊ីនត្រជាក់ចំនួន១។

ក្នុងការជួយពន្លត់នេះ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន៣គ្រឿងទើបអគ្គិភ័យនេះ រលត់ទៅវិញទាំងស្រុងនៅវេលាម៉ោង២ និង៤៥នាទីរសៀល នាថ្ងៃខែឆ្នាំដដែល៕

មតិយោបល់