ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យប្រុសស្រី២នាក់ និងដកហូតថ្នាំញៀន៣កញ្ចប់នៅសង្កាត់ច្រាំងចំរេះ២

ភ្នំពេញ: នគរបាលខណ្ឌឫស្សីកែវ ធ្វើការចុះបង្ក្រាបទីតាំងជួញដូរ និងចែកចាយគ្រឿងញៀនមួយកន្លែង ដោយឃាត់ខ្លួនបានជនសង្ស័យប្រុសស្រី ២នាក់ និងដកហូតថ្នាំញៀនចំនួន៣កញ្ចប់ កាលពីវេលាម៉ោង១និង១០នាទីរសៀល ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ ដែលស្ថិតនៅចំណុចផ្ទះគ្មានលេខ ផ្លូវលំ ក្រុម៣ ភូមិខ២ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោក ម៉ៅ ចាន់ថុន នាយផ្នែកប្រឆាំងគ្រឿងញៀនខណ្ឌឫស្សីកែវ បានឲ្យដឹងថា ជនសង្ស័យប្រុសស្រីទាំង២នាក់ ទី១មានឈ្មោះ ម៉ាន មូស្លឹម ហៅកុលាប ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ក្រុម៣ ភូមិខ២ សង្កាត់ច្រាំងចំរេះ២ និងទី២ឈ្មោះ ព្រុំ ស្រីណិត ភេទស្រី អាយុ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅបន្ទប់ជួលផ្សារទំនប់ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។

លោកបានបន្តទៀតថា នៅក្នុងប្រតិបត្តិការនេះ គឺកម្លាំងសមត្ថកិច្ចយើង បានសហការជាមួយកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ និងប្រជាការពារសង្កាត់ឫស្សីកែវ បើកប្រតិបត្តិការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនបានជនសង្ស័យប្រុសស្រី២នាក់ ព្រមទាំងបានដកហូតម្សៅក្រាមពណ៌សថ្លាចំនួន៣កញ្ចប់ និងឧបករណ៍ប្រើប្រាស់មួយចំនួន។

បច្ចុប្បន្នជនសង្ស័យប្រុសស្រីទាំង២នាក់ខាងលើ រួមនឹងវត្ថុតាង ត្រូវសមត្ថកិច្ចបញ្ជូនខ្លួនទៅឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់