ព័ត៌មានជាតិ

តុលាការកាត់ទោសជនបរទេស២នាក់ រឿងដឹកគ្រឿងញៀនជិត៥គីឡូចូលក្នុងប្រទេសកម្ពុជា

ភ្នំពេញ: នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧នេះ លោក អ៊ឹម វណ្ណ: ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការកាត់ទោស ជនបរទេស២នាក់ ពាក់ព័ន្ធករណី ដឹកជញ្ជូនគ្រឿងញៀន កាកូអ៊ីន មកលក់នៅប្រទេសកម្ពុជា ជិត ៥គីឡូក្រាម។

ជនជាប់ចោទទី១ឈ្មោះ Varadi Adrian Calin (វ៉ារ៉ាឌី អាឌ្រៀន ខលលីន) ភេទប្រុស អាយុ ៣៥ឆ្នាំ ជាជនជាតិ រ៉ូម៉ានី និងទី២ឈ្មោះ Ibe Chuk Wu Emaka Ibe (អាយប៊ី ជុក ហ៊្វូ អ៊ីម៉ាកា) ភេទប្រុស អាយុ៤០ឆ្នាំ ជាជនជាតិ នីហ្ស៊េរីយ៉ា ត្រូវបានលោក តុប ឈុនឡុង តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទ ដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន ម្សៅក្រាមពណ៌ស ប្រភេទកាកូអ៊ីន ប្រភេទកូកាអ៊ីន ចំនួន ៤,៩៦១,៦៩ក្រាម ប្រព្រឹត្តកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ នៅចំណុចអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ យោងតាមមាត្រា ៤០នៃច្បាប់ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន។

នៅក្នុងសវនាការជនជាប់ចោទឈ្មោះ Varadi Adrian Calin (វ៉ារ៉ាឌី អាឌ្រៀន ខលលីន) បានសារភាពថា មានជនជាតិ ស្បែកខ្មៅម្នាក់នៅប្រទេសប្រេស៊ីលបាន រៀបចំឯកសារឆ្លងដែន និងបានចេញលុយឲ្យខ្លួន នាំយកគ្រឿងញៀន ចំនួន ៤,៩៦១,៦៩ក្រាម មកប្រទេសកម្ពុជា ដោយឲ្យខ្លួនលេបចូលក្នុងពោះ ប៉ុន្តែខ្លួនមិនព្រមទើប សម្រេចដាក់ក្នុងវ៉ាលីខោអាវវិញ។

ជនជាប់ចោទបន្ដថា ជនជាតិស្បែកខ្មៅ បានសន្យាថា គេឲ្យប្រាក់ថ្លៃនាំគ្រឿងញៀនមកស្រុកខ្មែរក្នុង ១គីឡូ តម្លៃ ៥,០០០យូរ៉ូ (ប្រហែល ៥,៥០០ ដុល្លារ)។

ជនជាតិស្បែកខ្មៅ បានប្រាប់ខ្លួនថា ពេលមកដល់ប្រទេសកម្ពុជា ត្រូវរកបន្ទប់ជួល ១ និងហៅទូរសព្ទទៅគេវិញ ដើម្បីគេចាត់បុរសនីហ្ស៊េរីយ៉ា មកទទួលយកគ្រឿងញៀមនោះ។

ជនជាប់ចោទឈ្មោះ Ibe Chuk Wu Emaka Ibe (អាយប៊ី ជុក ហ៊្វូ អ៊ីម៉ាកា) បានសារភាពថា រូបគេត្រូវបាន សមត្ថកិច្ចឃាត់ខ្លួននៅសណ្ឋាគារ ខណ:រូបគេកំពុងរងចាំទទួលគ្រឿងញៀនពីជនជាប់ចោទមោះ Varadi Adrian Calin (វ៉ារ៉ាឌី អាឌ្រៀន ខលលីន)។

ជនជាប់ចោទរូបនេះបញ្ជាក់ថា មានជនជាតិស្បែកខ្មៅ ឈ្មោះ Jame (ជេម) នៅទីក្រុងប៉ាងកក ហៅទូរសព្ទមកជួលខ្លួន ឲ្យចាំទទួលគ្រឿងញៀនពីជនជាប់ចោទឈ្មោះ Varadi Adrian Calin (វ៉ារ៉ាឌី អាឌ្រៀន ខលលីន) យកទៅឲ្យស្ត្រីម្នាក់ទៀត ក្នុងតម្លៃឈ្នួល ១ម៉ឺនបាត្រ។

គួររំលឹកថា កម្លាំងសមត្ថកិច្ចការិយាល័យ ក៣ នៃមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ បានឃាត់ខ្លួនជនជាប់ចោទឈ្មោះ Varadi Adrian Calin (វ៉ារ៉ាឌី អាឌ្រៀន ខលលីន) នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយដកហូតបានវត្ថុតាងគ្រឿងញៀនប្រភេទ កាកូអ៊ីន ចំនួន ៤,៩៦១,៦៩ ក្រាម និងបានបន្តទៅចាប់ចាប់ខ្លួនជនជាប់ចោទឈ្មោះ Ibe Chuk Wu Emaka Ibe (អាយប៊ី ជុក ហ៊្វូ អ៊ីម៉ាកា) នៅសណ្ឋាគារ City Centre បន្ទប់លេខ ២០២ តាមបណ្ដោយផ្លូវ ១៣០ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ។

ទោះយ៉ាងណា លោក អ៊ឹម វណ្ណ: ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចលើកពេលប្រកាសសាលក្រមសំណុំរឿងនេះទៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៧ ខាងមុខវិញ៕

មតិយោបល់