ព័ត៌មានជាតិ

ពលរដ្ឋ និង អាណាព្យាបាលសិស្ស ឃុំព្រៃត្រឡាច ទទូចសុំឲ្យអាជ្ញាធរជួយ

បាត់ដំបងៈ ប្រជាពលរដ្ឋ ក្នុងឃុំព្រៃត្រឡាច ស្រុករុក្ខគីរី ខេត្តបាត់ដំបង និងអាណាព្យាបាលសិស្ស បានទទូចសុំឲ្យអាជ្ញាធរពាក់ព័ន្ធ ជួយជួសជុល ផ្លូវមួយខ្សែប្រវែង១០គីឡូម៉ែត្រ ដើម្បីសម្រួលដល់ការ ធ្វើដំណើរ និងងាយស្រួលទៅសាលារៀន របស់កូនចៅ។

ប្រជាពលរដ្ឋ បាននិយាយថា ផ្លូវមួយខ្សែនេះ មានប្រវែង១០គីឡូម៉ែត្រ ភ្ជាប់ពីផ្លូវធំក្នុងភូមិព្រៃខ្លួត មកដល់ភូមិរូង១ ដែលប្រជាពលរដ្ឋ ក្នុងមូលដ្ឋាននេះទៅមក រួមទាំងអ្នកក្រៅភូមិជាច្រើនផ្សេងទៀត តែងតែធ្វើដំណើរ ពេលនេះ មានសភាពពិបាកធ្វើដំណើរធ្ងន់ធ្ងរ ដោយជង្ហុកធំៗ ជាច្រើនហើយរអិលខ្លាំង នៅពេលភ្លៀងធ្លាក់ម្ដងៗ ពិសេសនៅរដូវវស្សា ការពិបាកនេះ មានរយះពេល៣ទៅ៤ឆ្នាំមកហើយ ដែលពេលមុន ធ្លាប់ជិះម៉ូតូតែ៣០នាទី តែពេលនេះ ត្រូវប្រើប្រាស់ពេលវេលាជាង១ម៉ោង បើធ្លាក់ភ្លៀង ត្រូវរអិលនិងជួបគ្រោះថ្នាក់ ជាបន្ដបន្ទាប់ ធ្លាក់ក្រឡុកជ្រៅរាំងស្ទះ មិនអាចធ្វើដំណើរ រួចសូម្បីតែធ្វើដំណើរ តាមគោយន្ត ក៏ពិបាកដែរ។

ក្រុមប្រជាពលរដ្ឋ បានត្អូញត្អែរទៀតថា ទាក់ទងទៅនិងផ្លូវ ពួកគាត់មានការព្រួយបារម្ភ និងមានការនឿយហត់ ជាខ្លាំងក្នុងពេលចាំបាច់ ត្រូវធ្វើដំណើរម្ដងៗ ដូចជា ពេលឈឺ ដង្កាត់ផ្សេងៗ ស្ដ្រីទៅសំរាលកូន ការដឹកកសិផលផងដែរ ទៅកាន់ទីផ្សារ ក្រៅពីនេះ ការលំបាក ក្នុងការធ្វើដំណើរ របស់កូនៗ ជាសិស្សសាលាជិះកង់ ឬម៉ូតូ មិនរួចបង្ខំចិត្តត្រូវដើរដោះស្បែកជើងក្នុងចម្ងាយផ្លូវឆ្ងាយជាហេតុ ទៅដល់សាលាមិនទាន់ម៉ោង ឬត្រូវដួលនិងសាចទឹកតាមផ្លូវប្រឡាក់ ខោអាវសរ ជារឿយៗ។

លោក ម៉ន ឈឿង អនុភូមិរូង១ បានបញ្ជាក់ថា ផ្លូវ១ខ្សែខាងលើនេះ ជាសរសៃឈាមសេដ្ឋកិច្ចសម្រាប់ កសិករក្នុងមូលដ្ឋាននេះ និងប្រជាពលរដ្ឋ នៅក្រៅភូមិជាច្រើនផ្សេងទៀត ដែលឆ្លងកាត់ទៅមក ទាំងព្រលប់យប់ថ្ងៃព្រោះផ្លូវនេះ តភ្ជាប់ពីផ្លូវធំក្នុងតំបន់ទីប្រជុំជន ស្រុកទៅកាន់ភូមិស្រែ និងចំការ របស់ប្រជាពលរដ្ឋជាច្រើន។

លោកមេឃុំព្រៃត្រឡាច បានបន្ដទៀតថា មូលនិធិឃុំ ក្នុងឆ្នាំ២០១៦នេះ បានសម្រេចដាក់ គម្រោងទៅកាន់ ភូមិបឹងចក រួចផុតហើយ ដោយសារនៅតំបន់ នោះស្ថានភាពផ្លូវមានសភាព លំបាកខ្លាំងជាង ពីព្រៃខ្លូតដល់ចុងរូង ប៉ុន្ដែអាចនិងដាក់គម្រោងនៅឆ្នាំក្រោយ អាស្រ័យលើការ ជួបពិភាក្សាគ្នា ជាមួយក្រុមការងារ ក្រុមប្រឹក្សាឃុំ។

ចំណែកលោក អ៊ុក គង់ អភិបាលរងស្រុករុក្ខគីរី បានលើកឡើងថា ផ្លូវ១ខ្សែក្នុង កំណាត់ពីផ្លូវបំបែក ភូមិព្រៃខ្លូត ដល់ភូមិរូង១ មានគម្រោងជួសជុលហើយ ដោយក្រុមការងារចុះជួយស្រុក ប៉ុន្ដែបានត្រឹមតែ ចម្ងាយផ្លូវ៥គីឡូម៉ែត្រ ប៉ុណ្ណោះ ពីដើមផ្លូវបំបែកដល់ ចំនុចវត្តព្រៃត្រឡាច នៅសល់ប្រវែង៥៦០០គីឡូម៉ែត្រ ទៀត លោកសូមអំពាវនាវជាថ្មីទៀត ដល់អង្គការជាតិ និងអន្ដរជាតិ អាជ្ញាធរខេត្តពិសេស រាជរដ្ឋាភិបាល មេត្តាជួយជួសជុល សម្រួលដល់ការ ធ្វើដំណើររបស់ប្រជាពលរដ្ឋព្រោះផ្លូវ១ខ្សែនេះ មានសារៈសំខាន់ ជាតំបន់រដ្ឋបាល មានប្រជាពលរដ្ឋរស់ នៅច្រើនដែលជាអ្នកប្រកបមុខរបរ ធ្វើស្រែចំការ៕

IMG-20160810-WA0011IMG-20160810-WA0012IMG-20160810-WA0010

មតិយោបល់