ព័ត៌មានអន្តរជាតិ

ប្រព័ន្ធ​ការពារ​ THAAD ប្រឆាំង​នឹង​កាំជ្រួច​មីស៊ីលអាមេរិក បានមកដល់កូរ៉េខាងត្បូងហើយ

កូរ៉េៈ ទីភ្នាក់ងារយ៉ុនហាប់ បានរាយការណ៍ថា រថសណ្ដោងដឹកប្រព័ន្ធការពារ THAAD ប្រឆាំងកាំជ្រួចមីស៊ីលរបស់អាមេរិក នឹងត្រូវដាក់ពង្រាយនៅតំបន់មួយ ក្នុងប្រទេសកូរ៉េខាងត្បូង នៅព្រឹកថ្ងៃពុធនេះ ចំពេលមានភាពតានតឹងកាន់តែខ្លាំងទ្បើងជាមួយកូរ៉េខាងជើង។ នេះបើយោងតាមរយៈ សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧។

ទីភ្នាក់ងារនេះ បានឲ្យដឹងថា ការមកដល់នៃរថយន្តសណ្ដោងដឹកប្រព័ន្ធការពារចំនួន០៦ គ្រឿងនេះ នៅឯទីលានវាយកូនហ្គោ បានបង្កឲ្យមានការប៉ះទង្គិចគ្នារវាងអ្នកស្រុក និងប៉ូលិសផងដែរ។

ការដាក់ពង្រាយប្រព័ន្ធ THAAD ដោយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងក្រុងសេអ៊ូល គឺបានធ្វើទ្បើងក្នុងគោលបំណង ដើម្បីប្រឆាំងនឹងការគំរាមកំហែងពីកូរ៉េខាងជើង ខណៈដែលប្រទេសនេះ នៅតែបន្តកម្មវិធីមីស៊ីលឆ្លងទ្វីបរបស់ខ្លួន បើទោះបីជាមានការដាក់ទណ្ឌកម្មជាច្រើនពីអង្គការសហប្រជាជាតិយ៉ាងណាក៏ដោយ។

ប្រព័ន្ធ THAAD ជាឧបករណ៍ស្ទាក់ចាប់ ព្រមទាំងបំផ្លាញមីស៊ីលឆ្លងទ្វីប រយៈចម្ងាយខ្លី និងមធ្យម ក្នុងអំឡុងពេលដែលគ្រាប់មីស៊ីល ត្រូវបានគេបើកដំណើរបាញ់ចេញ និងហោះហើរលើអាកាស។

គួរបញ្ជាក់ដែរថា កូរ៉េខាងជើងត្រូវបានគេជឿថា កំពុងត្រៀមរៀបចំសម្រាប់ការធ្វើតេស្តអាវុធនុយក្លេអ៊ែរលើកទីប្រាំមួយ របស់ខ្លួន៕

មតិយោបល់