នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ ក្រុមអ្នកប្រកបរបររត់តាក់ស៊ី, រ៉ឺម៉កកង់បី និងផាសអែប នៅក្នុងក្រុងសៀមរាប បានបន្តមកទទួលការចាក់វ៉ាក់សាំងកូវីដ១៩ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ ការចាក់វ៉ាក់សាំងនៅព្រឹកមិញនេះ គឺខ្លះចាក់ដូសទី១ និងខ្លះទៀតចាក់ដូសទី២ ដែលសរុបមានចំនួនជាង៤០០នាក់។
ក្នុងដំណើរការចាក់វ៉ាក់សាំងនៅព្រឹកមិញនេះដែរ ក៏មានការចូលរួមពីអភិបាលខេត្តសៀមរាប លោក ទៀ សីហា ដែលជាប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ព្រមទាំងការចែកអំណោយសប្បុរសធម៌ របស់សាខាកាកបាទក្រហមខេត្ត និងក្រុមហ៊ុន បាលិលេយ្យ ដែលបានចែកជាអង្ករ គ្រឿងបរិភោគមួយចំនួន រួមនឹងបាយកញ្ចប់ ទឹកអាកុល សម្រាប់អ្នករត់រ៉ឺម៉កកង់បីផងដែរ។
ថ្លែងក្នុងពិធីនោះ ឯកឧត្តម ទៀ សីហា មានប្រសាសន៍ថា យុទ្ធនាការចាក់វ៉ាក់សាំងជូនបងប្អូនប្រកបរបរក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះ គឺជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរខេត្ត សម្រាប់បង្ការជំងឹកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋគ្រប់រូប។ ជាងនេះទៅទៀតនោះ ការចាក់វ៉ាក់សាំងនេះ គឺដើម្បីត្រៀមខ្លួនក្នុងការស្ដារសេដ្ឋកិច្ចនៅក្នុងខេត្តសៀមរាបឡើងវិញ ក៏ដូចជាត្រៀមទទួលស្វាគមន៍ភ្ញៀវទេសចរនៅត្រីមាសទី៤ ឆ្នាំ២០២១ខាងមុខនេះផងដែរ។
យ៉ាងណាក៏ដោយ លោកអភិបាលខេត្តស្នើឱ្យអ្នករត់រ៉ឺម៉កកង់បីទាំងអស់ ត្រូវបានការការពារ ក៏ដូចជាអនុវត្តវិធានការសុខាភិបាលបន្តទៀត បើទោះបីបានចាក់វ៉ាក់សាំងក្ដី គឺត្រូវអនុវត្តវិធានការ ៣ការពារ និង៣កុំ ជាប់ជានិច្ច។ ក្នុងនោះ លោកអភិបាលខេត្ត បញ្ជាក់ថា រដ្ឋបាលខេត្តនឹងបន្តការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដែលនឹងប្រឈមផ្ទាល់ជាមួយភ្ញៀវទេសចរណ៍ ដូចជាមគ្គុទ្ទេសក៍ជាដើម និងពលរដ្ឋគ្រប់រូប ក្នុងករណីមានវ៉ាក់សាំងជាបន្តបន្ទាប់ទៀត។
សូមបញ្ជាក់ថា ក្នុងយុទុ្ធនាការចាក់វ៉ាក់សាំងដល់អ្នកបំរើសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះ រដ្ឋបាលខេត្ដសៀមរាប បាននាំយកអំណោយរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្ដសៀមរាប ចែកជូនដល់ពួកគាត់ជាង៤៤១នាក់ផងដែរ អំណោយទាំងនោះរួមមាន÷ អង្ករ ៣០គ.ក្រ, ត្រីខ ១យួរ, មីមួយកេស, ទឹកត្រី ១យួរ, និងទឹកស៊ីអ៊ីវ ១យួរ ៕
ប្រភព៖ ទទក
មតិយោបល់