ព័ត៌មានជាតិ

ឃាត់ខ្លួនយុវជន២នាក់ ក្រោយធ្វើសកម្មភាពលួចម៉ូតូបានសម្រេច

ព្រៃវែង: តាមសេចក្តីរាយការណ៍បានឲ្យដឹងថា កម្លាំងសមត្ថកិច្ចនគរបាលស្រុកមេសាងបានចេញប្រតិបត្តិការបង្រ្កាបក្រុមចោរលួចម៉ូតូ បានចំនួន២នាក់។

ការចាប់ឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៩និង៥នាទី ព្រឹកថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០១៧ នៅចំណុចផ្ទះបើកវីង ដកប្រាក់ និងវេប្រាក់ ឈ្មោះ ឃុន សារ៉ាន ភេទប្រុស អាយុ៣៤ឆ្នាំ ស្នាក់នៅភូមិ អង្គរសរ ឃុំ អង្គរសរ ស្រុកមេសាង ខេត្តព្រៃវែង ។

លោកវរសេនីយ៍ទោ នៅ ហាច អធិការនគរបាលស្រុកមេសាងបានឲ្យដឹងថា ក្រុមចោរបានធ្វើសកម្មភាព ផ្ដាច់ខ្សែសោ ក្រោមចង្កៀង។ ក្រោយពីផ្ដាច់បានហើយ ជិះចេញតាមផ្លូវថ្នល់ ទៅទិសខាងកើត ចូលភូមិ ប្រម៉ា ឃុំ ស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

ក្រោយពីបានទួលព័ត៌មាននេះភ្លាម កម្លាំងរបស់លោកបានកំណត់មុខសញ្ញាបាន ហើយក៏ចេញប្រតិបត្តិការដោយសហការជាមួយសមត្ថកិច្ចខេត្តស្វាយរៀង ដើម្បីស្រាវជ្រាវ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន២ នាក់ ទី១ឈ្មោះ សុន រីណា ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិប្រម៉ា ឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង និងទី២ ឈ្មោះ ពៅ អូន ហៅហម ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិប្រម៉ា ឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ និងដកហូតបានម៉ូតូ២គ្រឿង ១គ្រឿងម៉ូតូម៉ាក សេ១២៥ ស៊េរី ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FQ -5100 ជាម៉ូតូក្រុមចោរលួចពីប្រជាពលរដ្ឋ និង១គ្រឿងទៀតម៉ូតូម៉ាក សេ១២៥ ស៊េរី ២០០៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង1B- 2190 ជាម៉ូតូក្រុមចោរ ជិះធ្វើសកម្មភាព ។

បច្ចុប្បន្ន កម្លាំងនគរបាលជំនាញស្រុកមេសាង និងនគរបាលស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង កំពង់សហការបន្តរនីតិវិធីច្បាប់៕

មតិយោបល់