មណ្ឌលគិរីៈ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦នេះ លោកនាយឧត្តមសេនីយ៍បណ្ឌិត គន់ គីម អគ្គលេខាធិការនៃគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលសមាគម អតីតយុទ្ធជនកម្ពុជា បានអញ្ចើញជាគណៈអធិបតីភាព ក្នុងពិធីប្រកាសទទួលស្គាល់ ប្រធានកិត្តិយស គណៈកម្មាធិការសមាគម អតីតយុទ្ធជនកម្ពុជាខេត្តមណ្ឌលគិរី។
នៅក្នុងពិធីនេះ មានការអញ្ចើញចូលរួមពីកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ សមាជិកសមាគមន៍អតីតយុទ្ធជនកម្ពុជាខេត្តផងដែរ។
យោងតាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ត្រី ឃិន ម៉េងស្រេង មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរីបានឲ្យដឹងថា សមាជិកសមាគម អតីតយុទ្ធជនកម្ពុជាខេត្តមណ្ឌលគិរី មានចំនួន២២៤នាក់ ក្នុងនោះ យោធិនពិការចំនួន៣៧នាក់ យោធិនចូលនិវត្តន៍ចំនួន១៥៦នាក់ យោធិនបាត់បង់ជីវិតចំនួន០៤នាក់ គ្រួសារយោធិនពាក់លីចំនួន១៨នាក់ គ្រួសារយោធិនមរណៈចំនួន៩នាក់។ ហើយនៅក្នុងឆ្នាំ២០១៦នេះ មានយោធិនដែលចូលនិវត្តន៍ចំនួន០១នាក់ បានទទួលមរណភាពចំនួន០១នាក់បានរៀបចំសំណុំឯកសារមន្ត្រីនគរបាលចូលនិវត្តន៍ចំនួន០៩នាក់ ធ្វើសំណុំបែបបទស្នើសុំប្រាក់បេឡាមរណៈសង្គ្រោះនៅនាយកបេឡាអតីតយុទ្ធជនកម្ពុជា ជូនដល់គ្រួសារសពចំនួន០២គ្រសារ។
លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ដែលត្រូវបានប្រកាសទទួលស្គាល់ជាប្រធានកិត្តិយស គណៈកម្មាធិការ សមាគម អតីតយុទ្ធជនកម្ពុជាខេត្តមណ្ឌលគិរី បានធ្វើការប្តេជ្ញាចិត្ត និងបន្តពង្រឹងសាមគ្គីភាពជាមួយសមាជិកសមាគមអតីតយុទ្ធជន ពង្រឹងឆន្ទៈខ្ពស់ក្នុងការទទួលខុសត្រូវអនុវត្តការងារ ដែលប្រមុខរាជរដ្ឋាភិបាលបានដាក់ជូន ក៏ដូចជាគោលការណ៍របស់គណៈកម្មាធិការកណ្តាលអតីតយុទ្ធជនកម្ពុជា និងជម្រុញដឹកនាំដាក់ផែនការ អភិវឌ្ឍសកម្មភាឲ្យបានកាន់តែល្អប្រសើរបន្ថែមទៀត។
នាឱកាសនោះដែរ លោកនាយឧត្តមសេនីយ៍បណ្ឌិត គន់ គីម បានពាំនាំនូវការផ្តាំផ្ញើរសួរសុខទុក្ខ ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់សមាជិកសមាគម អតីតយុទ្ធជនកម្ពុជា ខេត្តមណ្ឌលគិរី។
លោកមានប្រសាសន៍បន្តទៀតថា សូមឲ្យប្រធានកិត្តិយសដែលទើបទទួលស្គាល់នាពេលនេះ បន្តកិច្ចសហការណ៍ឲ្យបានកាន់តែល្អប្រសើរ ជាមួយនឹងសមាជិកសមាគមអតីតយុទ្ធជន និងស្រងស្ថិតិឲ្យបានច្បាស់លាស់ ដើម្បីធ្វើប័ណ្ណក្រីក្រជូនដល់ពួកគាត់ឲ្យបានគ្រប់ៗគ្នា តាមគោលការណ៍របស់ប្រមុខរាជរដ្ឋាភិបាលដែលបានដាក់ឲ្យអនុវត្ត។
នៅក្នុងពិធីនោះដែរ ក៏មានចែកជូននូវអំណោយដល់សមាជិកសមាគមន អតីតយុទ្ធជនចំនួន២៣១នាក់ ក្នុងម្នាក់ៗទទួលបាន ក្រមាចំនួន០១ ភួយចំនួន០១ មុងចំនួន០១ អង្ករចំនួន៣០គីឡូក្រាម និងថវិកាចំនួន៥ម៉ឺនរៀល៕
មតិយោបល់