ព័ត៌មានជាតិ

ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំនេះ មានរយៈពេល ៤ថ្ងៃ

12966757_1044051975654852_1972721225_n

(ភ្នំពេញ)៖ យោងតាមប្រតិទិន ចេញផ្សាយជាផ្លូវការ ពីគណកម្មាធិការរៀបចំបុណ្យជាតិ និងអន្តរជាតិ បានឲ្យដឹងថា ក្នុងឆ្នាំ២០១៦នេះ កម្ពុជានឹងប្រារព្ឋពិធីបុណ្យចូលឆ្នាំខ្មែរ រយ:ពេល ៤ថ្ងៃ គឺចាប់ពីថ្ងៃទី១៣, ១៤, ១៥ និង ១៦ខែមេសាខាងមុខនេះ។ នៅចំថ្ងៃទី១៣ វេលាម៉ោង៨យប់ ជាវេលាចូលឆ្នាំថ្មី ឆ្នាំវក អដ្ឋស័ក ពស២៥៦០។ ចំថ្ងៃទី១៤ និង ១៥មេសា ជាថ្ងៃវារ:វ័នបទ ២ដង។ ថ្ងៃទី១៦ មេសា ជាថ្ងៃវារ:ឡើងស័ក្ក។ យុវជនយុវនារីជំនាន់ក្រោយ ពិតជាពុំធ្លាប់ជួបនឹងព្រឹត្តិការណ៍ចូលឆ្នាំខ្មែរ មានរយ:ពេល ៤ថ្ងៃឡើយ ទើបឆ្នាំ២០១៦ និងពស២៥៦០នេះប៉ុណ្ណោះ មានពិធីបុណ្យចូលឆ្នាំខ្មែរ ៤ថ្ងៃ។ សាធារណ:ជនជាទូទៅ ធ្លាប់តែដឹងថា ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ មានតែ៣ថ្ងៃ។ អនុរដ្ឋលេខាធិការក្រសួងធម្មកាសាសនា និងសមាជិកគណ:កម្មារ ស្រាវជ្រាវវិទ្យាហោរាសាស្ត្រ និងប្រពៃណីទំនៀមទំលាប់ខ្មែរ លោក ញៀន ភឺន ពន្យល់ថា បុណ្យចូលឆ្នាំ ៤ថ្ងៃ មិនមែនជារឿងចំឡែកទេ នេះគឺជាលទ្ឋផលចេញពីការគណនាតាមបែបវិជ្ជាសាស្ត្រគណិតវិទ្យា។ មុនសម័យ ពុលពត និងក្រោយឆ្នាំ១៩៧៩ កម្ពុជាក៏ធ្លាប់ប្រារព្ឋពិធីបុណ្យចូលឆ្នាំថ្មី រយ:ពេល ៤ថ្ងៃដែរ។ លោកបញ្ជាក់ថា ចំពោះថ្ងៃវារ:ប័នបទ២ដងវិញ ក៏មានសេចក្តីថា នាំសេចក្តីសុខដល់ ប្រជាជនពុំមានអ្វី សៅហ្មងឡើយ។ យោងតាមសៀវភៅមហាសង្ក្រានឆ្នាំវក អដ្ឋស័កខាងមុខនេះ គឺមានទេវតាព្រះនាម មណ្ឌាទេវិ។ ព្រះហស្ថស្តាំទ្រង់កាន់ម្ជុល (អញ្ជុល)។ ព្រះហស្ថឆ្វេងទ្រង់កាន់ឈើច្រត់ សៀតផ្កាចំប៉ានៅព្រះកា និងទទួលទានទឹកដោះ ឬសោយទឹកដោះគោ៕

មតិយោបល់