ភ្នំពេញៈ កូនប្រុសសំណព្វចិត្តរបស់លោកឧកញ៉ា ឌួង ងៀប ឈ្មោះ ឌួង ឆាយ ដែលកន្លងមកល្បីល្បាញ បង្កការបាញ់បោះ និងវាយតប់សេរី ក្នុងរាជធានីភ្នំពេញ ហើយត្រូវតុលាការផ្ដន្ទាទោសដាក់ពន្ធនាគារម្ដងជា២ដងនោះ បច្ចុប្បន្នបានក្លាយទៅជាឧកញ៉ាវ័យក្មេង ល្បីល្បាញពីការងារជួយសង្គមវិញម្ដង ដែលជួយជនទីទ័លក្រ មានទុក្ខលំបាក កុមារកំព្រា ហើយទទួលបានការកោតសរសើរយ៉ាងខ្លាំងពីសាធារណជន។
ប្ដូរពីទម្លាប់ជាក្មេងដែលសង្គមមិនទទួលស្គាល់ ទៅជាសប្បុរជនជួយការងារសង្គមយ៉ាងផុលផុសនេះ លោកឧកញ៉ាវ័យក្មេង ឌួង ឆាយ ត្រូវគេមើលឃើញថា បានកែប្រែអត្តចរិកមិនល្អពីមុនស្ទើរតែអស់ ព្រោះមួយរយៈចុងក្រោយមកនេះ លោកចាប់ផ្តើមបង្ហាញពីទង្វើល្អៗរបស់ខ្លួន ទៅកាន់បណ្តាញទំនាក់ទំនងសង្គម ជាពិសេស មិនភ្លេចដល់អ្នកលេងហ្វេសប៊ុក ដែលជួយទាមទារយុត្តិធម៌ឲ្យខ្លួនកន្លងមក។
ថ្មីៗនេះ លោកឧកញ៉ា ឌួង ឆាយ អគ្គនាយក្រុមហ៊ុន ឌួង ដ្រាហ្គន គ្រុប (Duong Dragon Group) ក៏បានព្យាយាមជួយដល់ជនទីទ័លក្រ ហើយមានទុក្ខលំបាកមួយចំនួន ដូចជា ករណីកុមារី ចិត្រ សូដា ដែលមានក្បាលធំខុសពីធម្មតា និងមានទឹកដក់នៅក្នុងខួរក្បាល លោកឧកញ៉ាបានឧបត្ថម្ភប្រាក់មួយចំនួន និងសន្យាជួយចេញថ្លៃព្យាបាលជំងឺកុមារីអភ័ព្វនេះ រហូតជា១រយភាគរយ។ ជាមួយគ្នា លោក ឌួង ឆាយ ក៏ប្រកាសស្វែងរកសិស្សពូកែម្នាក់ ដែលពាក់ស្បែកជើងផ្ទាត់ទទួលវិញ្ញាប័នបត្រ ដើម្បីផ្ដល់ជំនួយឧបត្ថម្ភខ្លះៗ សម្រាប់ផ្គត់ផ្គង់បន្តការសិក្សារបស់គេទៀត។
បន្ថែមលើសពីនេះ កាលពីដើមឆ្នាំ ឧកញ៉ាវ័យក្មេង ឌួង ឆាយ សប្បាយចិត្តយ៉ាងក្រៃលែង បន្ទាប់ពីបានចូលរួមចំណែកឲ្យយោបល់អាណាព្យាបាលក្មេងស្រីម្នាក់ ទើបតែអាយុ២ឆ្នាំ មានជំងឺក្នុងកាយឲ្យយកទៅព្យាបាលនៅមន្ទីរពេទ្យសិង្ហបុរី ដោយឆ្លងកាត់ការវះកាត់បានយ៉ាងជោគជ័យ ខណៈក្មេងស្រីនេះ ធ្លាប់ទៅព្យាបាលនៅមន្ទីរពេទ្យក្នុងប្រទេសថៃ ប៉ុន្តែត្រូវបានគ្រូពេទ្យប្រាប់ថា មិនមានអាការៈជំងឺអ្វីគួរឲ្យកត់សម្គាល់នោះឡើយ។ លោកសរសេរក្នុងហ្វេសប៊ុករបស់ខ្លួនថា “ខ្ញុំពិតជាមានសេចក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលខ្ញុំបានចូលរួមជាចំណែកជួយក្មេងស្រីម្នាក់ ដែលមានអាយុទើបតែអាយុ ២ឆ្នាំ ជាជនជាតិខ្មែរ ដែលកន្លងមកគាត់ធ្លាប់ពិនិត្យសុខភាព និងអាការៈជំងឺនៅមន្ទីរពេទ្យថៃប៉ុន្តែខាងមន្ទីរពេទ្យបានប្រាប់លទ្ធផលថាអវិជ្ជមានមិនមានអាការៈអ្វីគួរឲ្យកត់សំគាល់នោះទេ តែផ្ទុយទៅវិញ ពេលដែលគាត់ទាក់ទងមកខ្ញុំតាមរយៈទំព័រ Facebook ខ្ញុំក៏បានណែនាំឲ្យគាត់យកកូនមកកាន់មន្ទីរពេទ្យ KK នៅប្រទេសសិង្ហបុរី ដើម្បីពិនិត្យឲ្យអស់ចិត្ត”។
គួរជម្រាបថា នាពេលកន្លងមក លោកក៏បានជួយព្យាបាលជួយឧបត្ថម្ភប្រាក់ដល់មន្ទីរពេទ្យគន្ធបុផ្ផា មណ្ឌលកុមារកំព្រា ទុរគតជន កុមារមានជំងឺមិនប្រក្រតីធ្ងន់ធ្ងរ ដោយខ្លះត្រូវព្យាបាលក្នុងស្រុក ខ្លះបញ្ជូនទៅក្រៅប្រទេសផងដែរ ដែលនេះជាទង្វើដ៏ល្អសម្រាប់យុវជនកម្ពុជា ធ្វើជាគំរូដើម្បីចូលរួមអភិវឌ្ឍសង្គមទាំងអស់គ្នា។
នេះមិនមែនជាលើកទី១ទេ ដែលលោក ឌួង ឆាយ បានជួយដល់ជនជួបទុក្ខលំបាកក្នុងជីវិត បើទោះបីលោកកំពុងជួបទុក្ខធំ ដោយសារកូនប្រុសកំពុងឈឺធ្ងន់សម្រាកព្យាបាលនៅប្រទេសសឹង្ហបុរី ក៏ដោយ ក៏លោកនៅតែឆ្លៀតពេល និងផ្ដល់ធនធាន សម្ភារៈ ទៅតាមលទ្ធភាពរបស់លោក៕
មតិយោបល់