ព័ត៌មានជាតិ

ឃាត់ខ្លួនស្រ្តីម្នាក់ ឆបោកលុយចំនួន៥ម៉ឺនដុល្លារ!

កណ្តាលៈ ភ្នាក់ងារ Post News បានរាយការណ៍មកថា ស្រ្តីម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ពន្ធ័នឹងករណីឆបោក។

ការចាប់ឃាត់នេះបានធ្វើឡើងកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចភូមិព្រះប្រសប់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ គីម តោ ភេទស្រី អាយុ ៧០ឆ្នាំ មុខរបរ នៅផ្ទះ ទីលំនៅភូមិឃុំកើតហេតុខាងលើ។ ចំណែកជនសង្ស័យមានឈ្មោះ គាត គួន ភេទស្រី អាយុ៤១ឆ្នាំ មុខរបរ កសិករ ស្នាក់នៅភូមិទេពមន្រ្តី ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
ជនរងគ្រោះបាត់បង់ប្រាក់រៀល និងប្រាក់ដុល្លារ អាមេរិកសរុបចំនួន ៥០.០០០ដុល្លារ។ ក្នុងនោះដកហូតបានប្រាក់រៀលចំនួន ១១០,០០០រៀល។

ប្រភពដដែលបន្តថា ក្នុងអំឡុងឆ្នាំ២០០៦ ឈ្មោះ គាត គួន បានទៅខ្ចីលុយពីឈ្មោះ គីម តោ អស់៣,៥០០,០០០រៀល ដោយបង់ការប្រាក់បាន២៥ម៉ឺនរៀល ក្រោយមកមិនបានបង់ទៀតទេ ។ ដល់អំឡុងឆ្នាំ២០១០ ឈ្មោះ គាត គួន បានទៅខ្ចីលុយពីឈ្មោះ គីម តោ បន្តទៀតរហូតដល់សព្វថ្ងៃនេះដោយក្នុងមួយថ្ងៃខ្ចីប្រាក់ម្តង ២០ម៉ឺនរៀល មានថ្ងៃខ្លះខ្ចី១០០ដុល្លារ អាមេរិក ហើយក្នុង១ខែ មានខ្ចីដល់ទៅ២០ថ្ងៃ ឬ២៥ថ្ងៃ ដោយមិនបង់ការប្រាក់ទេ ពេលទៅខ្ចីប្រាក់ម្តងៗឈ្មោះ គាត គួន ប្រាប់ថាខ្ចីឲ្យគេ ហើយឈ្មោះ គាត គួន បានទូរសព្ទទៅបោកឈ្មោះ គីម តោ ដោយខ្លែងធ្វើសម្លេង ជាថៅកែស្រី និយាយថា ឲ្យលុយទៅឈ្មោះ គាត គួន ទៅអស់ប៉ុន្មានចាំខ្ញុំយកទៅសងជំនួសទ្វេ (បើខ្ចីអស់ ៥០,០០០ដុល្លារ សង១០០,០០០ដុល្លារ) ឈ្មោះ គីម តោ ក៏ឲ្យប្រាក់ទៅឈ្មោះ គាត គួន ខ្ចីរហូត។ សរុបទាំងអស់៥០,០០០ដុល្លារ ជាក់ស្តែង នៅថ្ងៃ១ ខែឧសភា ឆ្នាំ២០១៧ ម៉ោង៧ ឈ្មោះ គាត គួន បានទៅខ្ចីប្រាក់ពីឈ្មោះ គីម តោ ២៥ម៉ឺនរៀល លុះដល់ម៉ោង៤ នាថ្ងៃដដែលឈ្មោះ គាត គួន បានទូរសព្ទទៅឈ្មោះ គីម តោ ដើម្បីខ្ចីប្រាក់១០០ដុល្លារទៀត ពេលនោះកូនជនរងគ្រោះមានការសង្ស័យ ក៏សួរម្តាយ ពេលនោះម្តាយបានរៀបរាប់ប្រាក់កូនទាំងអស់ បន្ទាប់មកជនរងគ្រោះក៏ទូរស័ព្ទហៅឈ្មោះ គាត គួន មកយកប្រាក់ ពេលមកដល់ក្រុមគ្រួសារជនរងគ្រោះ ក៏ឃាត់ខ្លួនជនសង្ស័យប្រគល់ឲ្យនគរបាល ប៉ុស្តិ៍ព្រះប្រសប់ កម្លាំងប៉ុស្តិ៍បានបញ្ជូន មកអធិការដ្ឋាននគរបាលស្រុក ដើម្បី បន្តចាត់ការតាមនីតីវិធី។

ក្រោយពីការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបាន បោកប្រាក់ ពីឈ្មោះ គីម តោ អស់ចំនួន ៥០,០០០ដុល្លារអាមេរិក និងបាន ខ្លែងធ្វើជាសម្លេងថៅកែស្រី ប្រាកដមែន៕

មតិយោបល់