ព័ត៌មានជាតិ

ឃាត់ខ្លួនអនុប្រធានផ្ទៃប្រទេស អង្គការទប់ស្កាត់ បទល្មើសព្រៃឈើនិងសត្វព្រៃ ៣នាក់ ពាក់ពន្ធ័នឹងករណីជម្រិតទារប្រាក់ពីប្រជាពលរដ្ឋ

ពោធិ៍សាត់: លោកអធិការស្រុកក្រគរ បានប្រាប់ Post News ថា មានករណី អនុប្រធានផ្ទៃប្រទេស អង្កការទប់ស្កាត់ បទល្មើសព្រៃឈើ និងសត្វព្រៃ បានជម្រិតទារប្រាក់ពីប្រជាពលរដ្ឋ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៧ នៅភូមិទៀនព្រៃ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោកអធិការបានបន្តថា សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឈើតុំ បានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋឈ្មោះ យ៉ាន ស៊ីណា ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរឥស្លាម នៅភូមិទៀនព្រៃ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ប្តឹងពីឈ្មោះទី១ ហេង ហុង អាយុ៤៣ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ អត្តលេខ ០០២IFWAV តួនាទីអនុប្រធានផ្ទៃប្រទេស អង្គការទប់ស្កាត់ បទល្មើសព្រៃឈើនិងសត្វព្រៃ,ទី២ឈ្មោះ ហ៊ន ហេង ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ អត្តលេខ០០១ IFWAV តួនាទី អនុប្រធានផ្ទៃប្រទេស អង្គការទប់ស្កាត់ បទល្មើសព្រៃឈើ និងសត្វព្រៃ និងទី៣ឈ្មោះ លី ឡុង អាយុ២៣ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ អ្នកបើកបររថយន្ត អ្នកទាំង៣នាក់ មានស្នាក់ការកណ្តាលនៅ ភូមិអូរឫស្សី សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ និងមានរថយន្ត១គ្រឿង ម៉ាកឡង់គ្រីស័រ ស៊េរីចាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2M-4434 បានទៅជម្រិតទារប្រាក់ពីជនរងគ្រោះ ដែលដឹកឈើយកមកធ្វើលំនៅដ្ឋានតាមគោយន្ត នៅចំណុចស្ទឹងព្រាល ស្ថិតនៅភូមិក្បាលទាហ៊ាន ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ចំនួន២០ម៉ឺនរៀល តែគាត់អង្វរសុំបង់ជូន១០ម៉ឺនរៀល ពេលនោះពួកគាត់ព្រមទទួលយកលុយ១០ម៉ឺនរៀល បើមិនឲ្យទេពួកគាត់ចាប់យក។ បន្ទាប់មកទៀតពួកគាត់បានស្ទាក់យកលុយគោយន្ត ដឹកឈើពីប្រជាពលរដ្ឋចំនួន៦គោយន្ត ក្នុង១គោយន្ត ចំនួន១ម៉ឺនរៀល ដែលមានឈ្មោះទី១ ញឹក ធួក,ទី២ឈ្មោះ ស៊ីម ណាក់,ទី៣ឈ្មោះ វ៉ាន់ ឌី,ទី៤ឈ្មោះសំ រ៉ាសាន់,ទី៥ឈ្មោះ វ៉ាន់ ឌីន និងទី៦ឈ្មោះ សំ សឿន អ្នកទាំង៦នាក់ រស់នៅឃុំក្រាំងល្វារ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ក្រោយទទួលបានពាក្យបណ្តឹង និងមានបទបញ្ជារពីលោកអភិបាល នៃគណ:អភិបាលខេត្ត និងរាយការសុំគោលការពីលោកព្រះរាជអាជ្ញា បានបញ្ជាឲ្យឃាត់ខ្លួនជនទាំង៣នាក់នោះ និងរថយន្ត១គ្រឿង ឃាត់ខ្លួននៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង៣រសៀល រៀបចំសំណុំរឿងបញ្ជូន ជនសង្ស័យទាំង៣នាក់និងវត្ថុតាងរថយន្តទៅខេត្តបានចប់សព្វគ្រប់ ៕

មតិយោបល់