ព័ត៌មានជាតិ

កំពុងអង្គុយលាងចាន ត្រូវបុរសសសៃប្រសាទម្នាក់វាយបែកក្បាលដេរ១០ថ្នេរ

ភ្នំពេញៈ បុរសជាកម្មករសំណង់ម្នាក់ បានរងរបួសបែកក្បាលយ៉ាងដំណំ និងត្រូវបានគ្រូពេទ្យដេរមុខរបួស ចំនួន១០ថ្នេរ ដោយសារតែបុរសម្នាក់ទៀត ដែលជាមនុស្សសសៃប្រសាទ វាយនិងដំបងដែករន្ទារ ខណៈដែលជនរងគ្រោះខាងលើ កំពុងអង្គុយលាងចានដោយមិនដឹងខ្លួន និងបានបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៧ នៅក្នុងការដ្ឋានសំណង់មួយកន្លែង ដែល
មានទីតាំងស្ថិតនៅខាងក្រោយរោងចក្រស្រាបៀរក្រោន ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បុរសរងគ្រោះឈ្មោះ សុខ ថុល អាយុ៤៧ ឆ្នាំមុខរបរបកម្មករសំណង់ មានទីលំនៅក្នុងភូមិអណ្ដូង ឃុំសូសែន ស្រុកព្រៃឈរកំពង់ចាម រងរបួសបែកក្បាលដេរ៤ថ្នេរនិងថ្ងាសដេរ៦ថ្នេរព្រមទាំងរបួសដៃផងដែរ។ចំណែកជនដៃដល់ ឈ្មោះរុន សារី អាយុ៣៥ឆ្នាំ ស្រុកកំណើតនៅក្នុងភូមិត្រពាំងស្គន់ ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង មានប្រពន្ធនិងកូនមួយ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ខណៈដែល ជនរងគ្រោះកំពុងតែ អង្គុយលាងចាននៅក្នុងការដ្ឋានសំណង់កន្លែងកើតខាងលើ ស្រាប់តែជនសង្ស័យកាន់ដំបងដែក នៅក្នុងដៃដើរចូល ទៅធ្វើសកម្មភាពវាយយ៉ាងសន្ធាប់ជាច្រើនដំបង បណ្ដាលឲ្យរងរបួសបែកក្បាលហូរឈាមកក្លាក់។ ពេលនោះ បើកុំតែបានអ្នកជិតខាងជួយចាប់និងឃាត់ប្រហែលជនសង្ស័យវាយជនរងគ្រោះរហូតដល់ស្លាប់បាត់ទៅហើយ។

ក្រោយពេលកើតហេតុកម្លាំងបានចុះទៅកាន់កន្លែងកើតហេតុឃាត់ខ្លួនជនដៃដល់នាំទៅសួរនៅប៉ុស្ដិ៍ភ្លាមៗ ប៉ុន្តែមិនអាចសួរកើតទេព្រោះជននោះជាមនុស្សសសៃប្រសាទនិយាយត្រឡប់ត្រឡិនមិនដឹងខុសមិនដឹងត្រូវឡើយ។ដោយឡែកក្រុមគ្រួសារបុរសសសៃប្រសាទនោះក៏បានទៅកាន់ប៉ុស្ដិ៍នគរបាលចោមចៅបញ្ជាក់ប្រាប់នគរបាលថាជននោះគឺជាមនុស្សសសៃប្រសាទរយៈពេល២ឆ្នាំកន្លងមកហើយ ដោយសារតែរូបគេផឹកស្រា ច្រើនពេកនិងអត់បាយអត់ទឹកថែមទៀតផង មិនតែប៉ុណ្ណោះក្រុមគ្រួសារបាន ធ្វើការសម្របសម្រួលជាមួយ និងជនរងគ្រោះ។ដោយនៅពេលនោះជនរងគ្រោះមិនបានប្ដឹងផ្ដល់អ្វីទេ ដោយគ្រាន់តែសំណូមពរសុំឲ្យជួយចេញថ្លៃព្យាបាល របួសចំនួន២០០ដុល្លារតែប៉ុណ្ណោះ៕

https://youtu.be/y_GFOxX83b4

មតិយោបល់