ព័ត៌មានជាតិ

បុរសជនជាតិញូហ្សេឡែនម្នាក់ ដេកស្លាប់នៅក្នុងផ្ទះតែម្នាក់ឯង ខណៈដែលប្រពន្ធរវល់ទៅខួបកំណើតឪពុក

ភ្នំពេញ: ភ្នាក់ងារ Post News បានរាយការណ៍មកថា មានករណី បុរសជនជាតិញូហ្សេឡែនវ័យចំណាស់មានប្រពន្ធជាជនជាតិខ្មែរម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់ នៅលើឥដ្ឋការ៉ូក្នុងផ្ទះតែម្នាក់ឯង ខណ:ពេលដែលប្រពន្ធក្មេងរបស់គាត់រវល់តែទៅខួបកំណើតរបស់ឪពុកមិននៅផ្ទះមួយយប់នោះ។

ហេតុការណ៍នេះដែរបានបង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង៧ និង៣០នាទី ព្រឹកថ្ងៃទី៤ ខែ ឧសភា ឆ្នាំ ២០១៧ នៅចំណុចផ្ទះជួលលេខ ៣២១C ផ្លូវលេខ ៤១BT ភូមិសន្សំកុសល២ ក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ស្ត្រីជាប្រពន្ធឈ្មោះ មាស លីដា អាយុ ២៩ឆ្នាំ បានរៀបរាប់ប្រាប់ឲ្យដឹងថា ប្តីរបស់គាត់មានឈ្មោះ DAVINE DAVID ALLAN អាយុ ៥២ឆ្នាំ ជនជាតិញូហ្សេលែន មុខរបរជាងភ្លើង ស្នាក់នៅផ្ទះកើតហេតុខាងលើ។ រូបគាត់បានសុំប្តីទៅចូលរួមខួបកំណើតរបស់ឪពុកនាង នៅឯសង្កាត់បឹងកេងកងទី២ រហូតដល់ម៉ោង ១០យប់នាងក៏បានទូរសព្ទទៅប្រាប់ប្តីក្នុងបំណងប្រាប់ថា «មិនបានត្រឡប់ទៅផ្ទះវិញទេ ដោយយប់ជ្រៅពេក»តែមិនលើក។

ប្រភពដដែលក៏បានប្រាប់បន្តទៀតថា មុនពេលកើតហេតុ គាត់ក៏បានត្រឡប់មកផ្ទះវិញ ក៏បានដើរចូលទៅរកប្តីរហូតដល់រោងបាយខាងក្រោយតែមិនឃើញ ក៏ដើរត្រឡប់មកវិញក៏ស្រាប់តែប្រទះឃើញប្តីរបស់គាត់ដេកនៅលើឥដ្ឋការ៉ូក្បែរសាឡុង ចូលទៅដាស់ទើបដឹងថា គាត់ស្លាប់បាត់ទៅហើយ និងបង្កការភ្ញាក់ផ្អើលកើតឡើងតែម្តង។

ក្រោយពេលកើតហេតុ កម្លាំងមានសម្ថកិច្ចមូលដ្ឋាន និងជំនាញក៏បានចុះមកធ្វើការត្រួតពិនិត្យកន្លែងកើតហេតុ និងកោសល្យវិច័យទៅលើសពរបស់បុរសជនជាតិញូហ្សេឡែនរងគ្រោះស្លាប់ដោយសារតែជំងឺគាំងបេះដូង និងប្រគល់សពទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យទៅតាមប្រពៃណី៕

មតិយោបល់