ព័ត៌មានជាតិ

តាកូម៉ាបុករថយន្តនិងរម៉កកង់បី រួចជ្រុលទៅបុកហាងS.SEVENMART និង COFFEE ទើបអស់ល្បឿនផ្អើលទាំងយប់!

ភ្នំពេញ: រថយន្តតាកូម៉ាមួយគ្រឿង បើកបរក្នុងល្បឿនលឿន ជ្រុលចង្កូតទៅប៉ះ និងកៀររថយន្តមួយគ្រឿង មិនទាន់អស់ល្បឿនបន្តទៅបុករម៉កកង់បី និងជ្រុលទៅបុកចូលហាង S.SEVENMART និង COFFEE បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០ នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនដំបូងគេឃើញរថយន្តបង្កម៉ាកតាកូម៉ាពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2Q-8407 បើកបរដោយបុរសម្នាក់ស្រវឹងជោគជាំ បើកចេញពីហាងពីរ៉ាមីត តាមបណ្តោយផ្លូវ១៩៨៦ ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ រថយន្តបានរ៉េមកខាងឆ្វេងដៃ ទៅកៀររថយន្តមួយគ្រឿងផ្សេងទៀត រួចបន្តទៅបុករម៉កកង់បីកំពុងចត ភ្លាមនោះរថយន្តបានបួងចង្កូតត្រឡប់ក្រោយ មកឆ្វេងដៃជ្រុលទៅបុកចូលហាង S.SEVENMART និង COFFEE បណ្តាលឲ្យខូចខាតយ៉ាងដំណំ ចំណែកអ្នកបើកបររថយន្តភ្លាមៗនោះបានគេចចេញទៅបាត់។

តែក្រោយមក ស្រាប់តែឃើញម្ចាស់រថយន្តខាងលើ បានចេញមុខមកដោះស្រាយជាមួយម្ចាស់ហាង។ ចំណែករថយន្តធុនត្រានិងរម៉កកង់បីក៏ជិះចេញទៅបាត់ ដោយមិនបានទាមទារសំណងអ្វីនោះទេ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះមកធ្វើការវាស់វែង ដោយបាននាំយករថយន្តបង្ក ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវីធីច្បាប់៕

មតិយោបល់