ព័ត៌មានជាតិ

ចោរថ្លើមធំ! ចូលលួចទូរសព្ទនិងកាបូបលុយ ក្នុងរថយន្តបានជាង១ពាន់ដុល្លារ ចុងក្រោយត្រូវម្ចាស់គេតាមទាន់ ជាប់ខ្នោះសមត្ថកិច្ច

ភ្នំពេញ: ជនសង្ស័យម្នាក់ ក្នុងចំណោម២នាក់ បានជិះម៉ូតូ១គ្រឿងមកធ្វើសកម្មភាពចូលលួចយកទូរសព្ទដៃ១គ្រឿងដល់ក្នុងផ្ទះម៉ាស្សាបានហើយតែមិនអស់ចិត្តថែមទាំងធ្វើសកម្មភាពបើកទ្វាររថយន្តលិចស៊ីស RX400h យកកាបូបលុយជាង១ពាន់ដុល្លារ តែត្រូវជនរងគ្រោះឃើញទាន់បាននាំគ្នាដេញចាប់យកមកប្រគល់ឲ្យសមមត្ថកិច្ច។

ហេតុការភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង១១ និង១០នាទីព្រឹកថ្ងៃទី ៧ ខែឧសភា ឆ្នាំ២០១៧ នៅចំណុច មុខហាងថតរូបពេញចិត្ត ម្ដុំផ្សារដីហុយ ស្ថិតតាមបណ្ដោយផ្លូវហាណូយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ជនសង្ស័យមានឈ្មោះ លន់ ខេមរ: ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យនិងបក្សពួកម្នាក់ទៀតដែលរត់គេចខ្លួនបាត់។

ដោយឡែកជនរងគ្រោះទី១មានឈ្មោះ ខៀវ ចាន់នី ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរម្ចាស់ហាងម៉ាស្សា ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងទី២មានឈ្មោះ អ៊ឹម សុធា ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរម៉ៅការសំណង់ ស្នាក់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

តាមប្រភពព៌ត៌មានពីស្ដ្រីរងគ្រោះទី១ មានឈ្មោះ ខៀវ ចាន់នី បានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បាននៅខាងក្រោយផ្ទះបន្តិចក្រោយមកគាត់បានលឺសម្លេងកូនគាត់យំ ហើយប្រាប់ថាមានគេយកទូរសព្ទម៉ាក ហូវៃ ថេប របស់កូនគាត់ដែលកំពុងតែកាន់លេងនៅនិងដៃនោះយកទៅបាត់ហើយ ពេលនោះគាត់ចេញមកមើលក៏ឃើញគេឃាត់បានជនសង្ស័យម្នាក់ ដែលបានលួចទូរសព្ទដៃរបស់កូនគាត់។
គាត់បន្តថា កូនរបស់គាត់ដែលមានអាយុ៤ឆ្នាំនោះបានឲ្យដឹងថា មានបុរស២នាក់បានប្រើឲ្យគេទៅទិញភេសជ្ជ:គោជល់១កំប៉ុងឲ្យ ហើយពេលនោះកូនរបស់គាត់បានបោះទូរសព្ទចោល ហើយក៏រត់ទៅទិញពេលនោះជនសង្ស័យម្នាក់បានចូលមកលួចយកទូរសព្ទនោះ ពេលពួកគេយកបានហើយក៏ចេញពីផ្ទះកើតហេតុ រួចមកជនសង្ស័យទាំង២នាក់នោះមិនទាន់អស់ចិត្ត ក៏ឃើញជនរងគ្រោះម្នាក់ទៀតឈ្មោះ អ៊ឹម សុធា បានបើករថយន្តម៉ាកលិចស៊ីសRX400h ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2W-0367 ហើយបានមកចតនៅមុខហាងថតរូបពេញចិត្ត ហើយបានចូលទៅយករូបថតដែលបានផ្ដិតនៅទីនោះ ដោយមិនបានពន្លត់ម៉ាស៊ីន និងចាក់សោរថយន្ត ឡើយ ហើយពេលនោះជនសង្ស័យខាងលើ បានបើកទ្វាររថយន្តពីខាងឆ្វេង ហើយបានលូកយកកាបូបដែលជនរងគ្រោះដាក់នៅជិតកន្លែងដាក់លេខនោះបានសម្រេច តែត្រូវបានម្ចាស់ងាកមកឃើញទាន់ក៏បានរត់ដេញប្រផាប់ចាប់ប្រភីងយកកាបូបបានមកវិញនិងឃាត់ខ្លួនបានម្នាក់ដោយសារតែជនសង្ស័យម្នាក់នោះរត់ឡើងលើម៉ូតូរបស់បក្សពួកគេមិនទាន់។

បើតាមការបញ្ជាក់របស់ម្ចាស់កាបូបដែលជនសង្ស័យខាងលើយកមិនបានសម្រេចនោះ នៅក្នុងកាបូបរបស់គាត់មានលុយចំនួន១ពាន់ដុល្លារ និងទូរសព្ទដៃចំនួន២គ្រឿងម៉ាកIPhone6 ១គ្រឿង និង IPhone7 ១គ្រឿង ហើយលុយនៅក្នុងកាបូបនេះគឺគាត់ទុកបើកឲ្យកម្មកររបស់គាត់តែប៉ុណ្ណោះ។

ភ្លាមនោះសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុ ហើយបាននាំខ្លួនជនសង្ស័យម្នាក់នោះយកទៅប៉ុស្ដិ៍នគរបាលរដ្ឋាបាលភ្នំពេញថ្មីដើម្បីធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថារូបគេបានប្រព្រឹត្តអំពើដើរលួចនេះអស់រយ:ពេល១ឆ្នាំមកហើយ ហើយធ្វើសកម្មភាពបាន៥ដង សម្រេចបាន២ដង។

ក្រោយពីទទួលចម្លើយសារភាពពីជនសង្ស័យ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ភ្នំពេញថ្មីបានកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌសែនសុខរង់ចាំការចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់