ព័ត៌មានជាតិ

ទាស់សម្តីគ្នាក្នុងរោងការ ត្រូវជនសង្ស័យមួយក្រុមព្រួតវាយ បណ្តាលឲ្យស្លាប់

បាត់ដំបង: ភ្នាក់ងារ Post News ប្រចាំខេត្តបាត់ដំបង បានរាយការណ៍មកថា ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២រសៀល ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចបោះសាពរ ភូមិបឹងក្រសាល ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមួយក្រុមមានគ្នាប្រមាណជា១៤នាក់ក្នុងនោះមានទី១ឈ្មោះ ប្រាវ គឹមសេង ភេទប្រុស អាយុ២២ឆ្នាំ មុខរបរធ្វើការ,ទី២ឈ្មោះ យៀន ជាតិ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរធ្វើស្រែ និងទី៣ឈ្មោះ យៀន ចាច់ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរធ្វើស្រែ អ្នកទាំង៣នាក់ រស់នៅភូមិបឹងក្រសាល ឃុំស្នឹងស្រុកបាណន់ ខេត្តបាត់ដំបង នឹងបក្សពួកមួយចំនួនទៀត បានធ្វើសកម្មភាពដោយយកបន្ទះក្តាវាយទៅលើជនរងគ្រោះឈ្មោះជិន តុលា ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិនឹងឃុំខាងលើ មុខរបរធ្វើស្រែ ចំត្រង់ក្បាលផ្នែកខាងក្រោយបណ្តាលឲ្យរងរបួសធ្ងន់។

មូលហេតុមានទំនាស់ពាក្យសម្តី ពេលកំពុងផឹកស៊ីក្នុងរោងការចំណុចខាងលើ ក្រោយពីរងរបួសក្រុមគ្រួសារបានបញ្ជូនទៅសម្រាកនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង លុះដល់ម៉ោង១០ព្រឹក ថ្ងៃទី៦ខែឆ្នាំដដែល ជនរងគ្រោះបានស្លាប់នៅក្នុងមន្ទីរពេទ្យ ដោយគ្រូពេទ្យបញ្ជាក់ថា ឈាមកកក្នុងខួក្បាល។

បន្ទាប់ពីបានទទួលពាក្យបណ្តឹងពីក្រុមគ្រួសារជនរងគ្រោះ នៅវេលាម៉ោង៥និង៣០នាទី ល្ងាចថ្ងៃទី៦ខែឆ្នាំដដែល កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបាណន់ បានចុះទៅដល់ភូមិកើតហេតុខាងលើ ហើយបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ខាងលើបានតែម្តង។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួននិងបក្សពួកពិតជាបានវាយទៅលើជនរងគ្រោះឲ្យដួលសន្លប់ទៅលើដីពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ កំពុងឃាត់ខ្លួននៅមូលដ្ឋានស្រុកដេម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់