ព័ត៌មានជាតិ

ប្លន់ទៀតហើយខណ្ឌចំការមន! ផ្ទុះអាវុធជាច្រើនគ្រាប់ ឃាត់បានជនសង្ស័យម្នាក់

ភ្នំពេញ: យុវជន៤នាក់ជិះម៉ូតូមួយគ្រឿង ឌុបគ្នាចេញពីរាំកម្សាន្តក្នុងក្លឹបមួយកន្លែង រួចធ្វើដំណើរត្រឡប់ទៅវិញ ត្រូវបានមួយក្រុមជនសង្ស័យជិះម៉ូតូ៤គ្រឿង បានព្យាយាមជិះម៉ូតូដេញតាមធ្វើសកម្មភាពប្លន់ ដោយបានដកកាំភ្លើងខ្លីមួយដើម ភ្ជង់ប្លន់យកម៉ូតូពីជនរងគ្រោះ តែមិនបានសម្រេចត្រូវសមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹកដេញតាមចាប់ខ្លួនបានម្នាក់ ដកហូតបានអាវុធមួយដើម។ចំណែកបក្ខពួកផ្សេងទៀតរត់គេចខ្លួនបាត់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១ និង៥០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវ១៩៣ កែងផ្លូវម៉ៅសេងទុង ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចម្ការមន។ ចំណែកចំណុចដែលជនសង្ស័យទាំងនោះ ធ្វើសកម្មភាពប្លន់គឺស្ថិតនៅចំណុចផ្លូវលេខ១៥៥ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចម្ការមន។

សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ ដោយសមត្ថកិច្ចបានទទួលព័ត៌មានតាមវិទ្យុទាក់ទងរបស់សមត្ថកិច្ច ថាមានករណីភ្ជង់ប្លន់ យកម៉ូតូហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CZ-4283 នៅចំណុចផ្លូវលេខ១៥៥ ក្នុងសង្កាត់ផ្សារដើមថ្កូវ តែមិនបានសម្រេចនោះ ។ ភ្លាមៗ សមត្ថកិច្ចបានជិះល្បាតនៅម្តុំកន្លែងកើតហេតុ ស្រាប់តែប្រទះឃើញជនសង្ស័យមានគ្នា ៦ទៅ៧នាក់ ជិះម៉ូតូ៤គ្រឿង ដោយ២គ្រឿងម៉ាកឌ្រីមសង់ និង២គ្រឿងទៀតម៉ាក XR ជិះតាមដងផ្លូវ២៧១។ ដោយមានការសង្ស័យ កម្លាំងក៏បានជិះដេញបំណងហៅឆែកឆេ តែដោយស្រដៀងខ្លាំងនឹងភិនភាគ ជនសង្ស័យដែលមានអាវុធ ធ្វើសកម្មភាពភ្ជង់ប្លន់ ជនរងគ្រោះមិនបានសម្រេចនោះ ក៏សមត្ថកិច្ចព្យាយាមជិះម៉ូតូដេញពីក្រោយជនសង្ស័យទាំងអស់នោះ រហូតទាល់តែពួកគេដឹងខ្លួន បានជិះម៉ូតូរត់តាំងពីចំណុចមុខក្លឹបថប រហូតទៅដល់ចំណុចផ្លូវលេខ១៩៣ កែងនឹងផ្លូវម៉ៅសេទុង ស្រាប់តែបក្ខពួកជនសង្ស័យទាំងនោះ បានដកកាំភ្លើងខ្លីមួយដើម បាញ់មកលើសមត្ថកិច្ចចំនួន២គ្រាប់ តែអត់ផ្ទុះ១គ្រាប់ ទើបសមត្ថកិច្ចសម្រេច ផ្ទុះអាវុធ តបត ជាច្រើនគ្រាប់ទៅវិញ ដើម្បីបាញ់សម្រុក ចូលចាប់ជនសង្ស័យបានម្នាក់ និងដកហូតកាំភ្លើងម៉ាក រឡូមួយដើម រួមទាំងម៉ូតូម៉ាកXR ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ AJ-4357ផងដែរ។ ចំណែកបក្ខពួក៣ម៉ូតូទៀត បានជិះគេចខ្លួនបាត់ស្រមោលភ្លាមៗតែម្តង។

ក្រោយពេលកើតហេតុ ជនសង្ស័យត្រូវបានសមត្ថកិច្ចនាំខ្លួនទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ទឹក ធ្វើការសាកសួរ ដើម្បីតាមស្រាវជ្រាវ រកបក្ខពួកដដៃទៀត។

ក្នុងនោះផងដែរ លោកវរ:សេនីយ៍ឯក យិន សាន អធិការនគរបាលខណ្ឌចម្ការមនបានសុំមិនទាន់បញ្ចេញឈ្មោះ ជនសង្ស័យនោះទេ រង់ចាំស៊ើបអង្កេតបន្ត និងតាមចាប់បក្ខពួក យកមកផ្តន្ទាទោសតាមច្បាប់បន្ថែមទៀត ៕

មតិយោបល់