ពោធិ៍សាត់ៈ លោកអធិការស្រុកបាកានបានប្រាប់ Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយរថយន្តម៉ាកម៉ាស្តា ពណ៌ស មួយគ្រឿង បើកបរខ្វះការប្រុងប្រយត្ន័ ទៅបុកម៉ូតូសេ១២៥ ពេញទំហឹង បណ្តាលឲ្យស្ត្រីម្នាក់ស្លាប់ក្រោយពីបញ្ជូនដល់មន្ទីរពេទ្យ និងមនុស្ស២នាក់ទៀតរងរបួសធ្ងន់។ ចំណែករថយន្តបានជ្រុលល្បឿនធ្លាក់ផ្លូវទើបអស់ល្បឿនទៅមុខលែងរួច។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣និង២០នាទី រសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅចំណុចលើផ្លូវក្រាលកៅស៊ូលេខ៥៥ ចំណុចខាងត្បូងលោកតាឃ្លាំមឿង ស្ថិតក្នុងភូមិកំពង់ស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។
សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្កឡើង ដោយរថយន្តម៉ាក ម៉ាស្តា ពណ៌ស គ្មានស្លាកលេខមួយគ្រឿង បើកបរដោយឈ្មោះ វ៉ាត់ ឆៃ ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅភូមិស្វាយកង់ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។ បានបើកទៅបុកជាមួយនឹងម៉ូតូម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1B-7073 ចំចំហៀងខាងស្តាំ ដែលកំពុងបើកបរដោយឈ្មោះ ម៉ៅ សុគី ភេទស្រី អាយុ៣៦ឆ្នាំ(ស្លាប់ក្រោយបញ្ជូនដល់ពេទ្យ) រួមដំណើរដោយឈ្មោះ សាញ់ សុខចាន់ ភេទប្រុស អាយុ១១ឆ្នាំ (រងរបួសធ្ងន់) និងឈ្មោះ សាញ់ សុខឃីម ភេទប្រុស អាយុ៣ឆ្នាំ (រងរបួសធ្ងន់) អ្នកទាំង៣នាក់ស្នាក់នៅភូមិកំពែងស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ដែលកំពុងបើកបរក្នុងទិសដៅស្របទិសគ្នា ហើតភ្លាមៗនោះរថយន្តបង្ក មិនទាន់អស់ល្បឿនបានជ្រុលចង្កូតបើកធ្លាក់ចូល ទើបអស់ល្បឿនទៅមុខលែងរួចតែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើការវាស់វែង នាំយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់៕
មតិយោបល់