ព័ត៌មានបច្ចេកវិទ្យា

HTC U11 បំពាក់សមត្ថភាពថតសំឡេង ៣៦០ ដឺក្រេ ប្រកាសចេញសប្តាហ៍ក្រោយ

យោងតាមវីដេអូថ្មីមួយពីក្រុមហ៊ុន HTC បានឱ្យដឹងថា កំពូលទូរសព្ទដៃជំនាន់បន្ទាប់របស់ក្រុមហ៊ុន គឺ HTC U11 នឹងបំពាក់មកជាមួយមុខងារថ្មីមិនធ្លាប់មាននៅលើទូរសព្ទ​ស្មាតហ្វូននាពេលបច្ចុប្បន្ន អាចថតសំឡេង​ជុំទិស ៣៦០ ដឺក្រេបាប ហើយវានឹងប្រកាសចេញនៅថ្ងៃទី ១៦ ឧសភា សប្តាហ៍ក្រោយ។

តាមរយ:វីដេអូពញ្ញាក់អារម្មណ៍ប្រវែង ៩ វិនាទីនោះ គេក៏អាចចាប់សង្ស័យបានថា HTC U11 ក៏ប្រហែលជានឹងបំពាក់មុខងារថតវីដេអូ ៣៦០ ដឺក្រេផងដែរ។ យោងតាមព័ត៌មានក្រៅផ្លូវការកន្លងមក U11 ត្រូវបានរចនាឡើងដោយការផ្គួបផ្សំរចនាបថរបស់ HTC 10 និង HTC U Ultra ហើយវាត្រូវបានគេអះអាងថា នឹងបំពាក់បន្ទះឈីប Snapdragon 835 អេក្រង់ខ្នាត QHD ទំហំ ៥.៥ អីុញ RAM ទំហំ ៤/៦ ជីហ្គាបៃយ៍ អង្គចងចាំជាប់ម៉ាស៊ីនទំហំ ១២៨ ជីហ្គាបៃយ៍ ប្រើរន្ធ USB Type-C និងកាមេរ៉ាមុខ-ក្រោយទំហំ ១៦/១២ មេហ្គាភិច​សែល ព្រមជាមួយថ្មកម្លាំង ៣,០០០ មីល្លីអំព៊ែរម៉ោង។

ដោយឡែក សម្រាប់កាលបរិឆ្ឆេទចេញលក់ ក្រុមហ៊ុនមិនទាន់បានបង្ហើបឱ្យដឹងថានៅពេលណា ឬថ្ងៃណានោះទេ តែគេរំពឹងថា វានឹងចាប់ផ្តើមចែកចាយលក់នៅលើទីផ្សារភ្លាមៗបន្ទាប់ពីការប្រកាសចេញជាផ្លូវការ៕

ប្រភពព័ត៌មាន: HTC

មតិយោបល់