ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៤នេះ សាលាដំបូងរាជធានីភ្នំពេញ បានបន្តបើកសវនាការជាលើកទី៣ ដើម្បីជំនុំជម្រះក្តី លើក្រុមសកម្មជនអ្នកតវ៉ា ២១នាក់ ដោយក្នុងនោះរួម លោក វ៉ន ពៅ ប្រធានសមាគមប្រជាធិបតេយ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
ការបើកសវនាការជាលើកទី៣នេះ ការរក្សាសន្តិសុខនៅជុំវិញបរិវេណសាលា ដំបូងរាជធានីភ្នំពេញ ត្រូវបាន ពង្រឹងយ៉ាងខ្លាំងក្លាដដែល ដោយកម្លាំងសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យ និងរបង បន្លាសត្រូវបានគេដាក់ឡោមព័ទ្ធ និងត្រៀមរួចជាស្រេចក្លាចមានបង្កការអុកឡុកពីក្រុមអ្នកតវ៉ា។
ក្រុមអ្នកតវ៉ាទាំង២១នាក់ ដែលជាប់ឃុំតាំងពីដើមខែមករា មកនោះ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ បើក សវនាការជំនុំជម្រះក្តីពីររួចមកហើយកាលពី ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៤ និងនៅថ្ងៃទី០៦ ខែឧសភា។
ក្រុមអ្នកតវ៉ាទាំង ២១នាក់ ត្រូវសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនជាបណ្តោះអាសន្ននៅ មណ្ឌលកែប្រែត្រពាំងផ្លុង ក្នុងខេត្តកំពង់ចាម ក្រោយការផ្ទុះអំពើហិង្សាជាមួយសមត្ថកិច្ចនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងលើផ្លូវវ៉េងស្រេងកាលពីថ្ងៃទី២-៣ ខែមករា ឆ្នាំ២០១៤ ដែលបង្កឲ្យមានអ្នកស្លាប់ និងរងរបួសជាច្រើន នាក់។
ក្រុមអ្នកតវ៉ាទាំងនេះ ត្រូវបានចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្ដបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្ដិ សុខសង្គម និង ហិង្សាដោយចេតនាមាន ស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនា មានស្ថានទម្ងន់ទោស៕
មតិយោបល់