ភ្នំពេញៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីបុរសម្នាក់ ត្រូវបានគេស្គាល់ថាជាមន្ត្រីក្រសួងធនធានទឹក ត្រូវបានខ្មាន់កាំភ្លើង បាញ់ប្រហារចំនួន៣គ្រាប់ ស្លាប់នៅក្នុងរថយន្ត ខណៈជនរងគ្រោះបើករថយន្តមកដល់សង្កាត់កកាប តាមផ្លូវចូលច្រកវត្តអង្គតាមិញ ខណ្ឌពោធិ៍សែនជ័យ នាយប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៧នេះ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សឿង ផានិត អាយុ២៨ឆ្នាំ មុខរបរជាមន្រ្តីក្រសួងធនធានទឹក ស្នាក់នៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវខ្មាន់កាំភ្លើងបាញ់ចំនួន៣គ្រាប់ ពេលកំពុងបើករថយន្តម៉ាកកាមរី ស៊េរីខ្ពស់មួយគ្រឿង បណ្តាលឲ្យស្លាប់តែម្តង ដោយមិនទាន់ដឹងមូលហេតុនោះទេ ខណៈនៅពេលនេះ កម្លាំងសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវនៅឡើយ។
លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក បានបញ្ជាក់ថា ជនរងគ្រោះមានតួនាទីជាអនុប្រធានការិយាល័យនីតិកម្ម អាជ្ញាធរបឹងទន្លេសាប នៃក្រសួងធនធានទឹកពិតប្រាកដមែន។
លោកថា មន្រ្តីរូបនេះមានចរឹកស្លូតបូត ប៉ុន្តែមិនដឹងមកពីហេតុអ្វី បានជួបគ្រោះអកុសលបែបនេះ។ ក្នុងនោះលោកសូមចូលរួមសោកស្តាយ និងអាណិតយ៉ាងខ្លាំង។
បន្ទាប់ពីកើតហេតុ លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានដឹកនាំកម្លាំង សហការជាមួយកម្លាំងអាវុធហត្ថចុះទៅកាន់កន្លែងកើតហេតុភ្លាមៗ ដើម្បីសួរនាំ និងធ្វើការស្រាវជ្រាវ តាមចាប់ជនដៃដល់បន្តទៀត។
រហូតមកទល់ពេលនេះ សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចយកចេញពីក្នុងរថយន្ត ប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ៕
ក្នុងនោះក៏មានការផ្សាយផ្ទាល់នៅលើ ផេក Post News Media ផងដែរ៕
https://youtu.be/qRjiZbWXVWE
មតិយោបល់