ព័ត៌មានសិល្បៈ និងកម្សាន្ត

ពែកមី ថានាយគ្រឿន ក្រៅពីរយះដូចគេវះ គឺជ្រុះលុយច្រើនពាន់ដុល្លារ

ក្រោយនាយគ្រឿនតែតបាល់ហើយទង្គិចក្បាលអ្នកលេងដូចគ្នាបណ្ដាលអោយបែករយះដល់កម្រិតដូចគេវះ នាយពែកមីនិយាយថាមានបណ្ដាញសារព័ត៌មានមួយចំនួនបានផ្សព្វផ្សាយប្អូនលោកត្រូវគេវាយ និងខ្លះថាត្រូវគេកាប់ ដែលធ្វើអោយលោកទទួលយកមិនបាន។ លោកថានាយគ្រឿនត្រូវពេទ្យដេរ៨ថ្នេរ ដោយក្រៅពីត្រូវខូចមុខត្រង់កន្លែងមានរបួស ក៏ត្រូវបាត់លុយមិនតិចជាង៥ពាន់ដុល្លារផងដែរ ដោយសារតែការលេងបាល់ហើយគ្រោះថ្នាក់កាលពីល្ងាចថ្ងៃទី១៦ ឧសភានោះ។

ហេតុផលដែលលោកថាប្អូនលោកបាត់លុយមិនក្រោម៥ពាន់ដុល្លារគឺដោយសារតែនាយគ្រឿនត្រូវថតកុនដាក់រឿងរោងអោយគេប្រមាណពេញមួយខែទៀតឯណោះ ប៉ុន្តែពេលនេះបែរជាមានរបួសដែលលោកប្រាប់ថាមិនអាចទទួលថតបាន។ លោកថាកុងត្រារបស់នាយគ្រឿនគឺថតមួយថ្ងៃ៥០០ដុល្លារ ដោយការមានរបួសដែលបានកើតឡើងគឺមិនអាចទៅថតបាននោះទេ ក្នុងពេលដែលមុខរបួសត្រូវចំលើចិញ្ចើមដែលបណ្ដាលអោយប្អូនលោកកោរអស់ចិញ្ចឹមមួយចំហៀង ដែលមិនខុសពីបាត់មួយថ្ងៃ៥០០ដុល្លារពីការថតកុន។ នាយគ្រឿននឹងមិនប៉ះពាល់ទេសម្រាប់ការថតពិធីករ និងកំប្លែងតែសម្រាប់ថតកុនគឺលោកមិនអាចដោយសារតែប្លង់ក្នុងកុនត្រូវប្រទាក់ក្រឡាគ្នាដែលមិនអាចកាលថតប្លង់មុនអត់មានរបួស ហើយថតប្លង់ក្រោយក៏មានរបួស និងថែមទាំងត្រូវអត់ចិញ្ចើមទៀត។ លោកថានេះជារឿងស៊យកាត់គ្រោះរបស់គេ ដោយសារតែលោកប្រកាសថាគេលេងគ្រប់គ្នាមិនអីមកអីតែនាយគ្រឿន ហើយទៅបែកចំចិញ្ចើមដែលចាំបាច់ត្រូវកោរចោលធ្វើអោយខុសប្លង់រឿងដែលបានសម្ដែង។ នាយគ្រឿននឹងត្រូវផ្អាកមិនទទួលថតយ៉ាងហោច១០ថ្ងៃទៅកន្លះខែ ដោយលោកយល់ថាបើទោះជាចង់បន្តថតក៏គ្មានផលិតករណាយក ដោយសារតែខុសប្លង់ចាស់ដែលបានសម្ដែង។ នាយពែកមីបន្ត ផលិតករគេសុខចិត្តកាត់ប្លង់តួចោល ឬក្រឡៃសាច់រឿងថាតួហ្នឹងទៅណាទៅណី តែបើគេយកទៅថតប៉ាតណាប៉ាតណីគឺលោកមិនរំពឹងនោះទេ។ ជាក់ស្ដែងគ្រាន់តែមានការប្រកាសថាប្អូនលោកមានរបួសរយះធំភ្លាមៗ គឺមានផលិតករសុខចិត្តទៅហើយថានឹងអោយប្លង់ដែលនាយគ្រឿនត្រូវសម្ដែងទៅតារាផ្សេងសម្ដែងសិន ដើម្បីកុំអោយស្ទះរឿង។ លោកថានាយគ្រឿនអោយតែបានលេងបាល់គឺមិនសូវប្រយ័ត្ននោះទេ តែលោកចាត់ទុកថាគឺជារឿងស៊យខ្លាំង ដោយសារតែពេលតែតបាល់គឺចិញ្ចើមរបស់ប្អូនលោក ទៅទង្គិចពេញទំហឹងជាមួយលលាដ៏របស់មិត្តរួមក្រុម ហើយបណ្ដាលអោយរយះដូចគេអារ។ លោកថាស្ដាយលុយដែលមានគេហៅថតមួយថ្ងៃ៥០០ដុល្លារ បែរជាត្រូវប៉ះពាល់សម្ដែងមិនបាន ដែលមិនទាន់ដឹងថាផលិតករសុខចិត្តចាំឬក៏ដូរតួចោលតែម្ដង។ យ៉ាងណាមិញនាយគ្រឿនបានអះអាងថាមិនសោកស្ដាយទេ ដោយសារតែលោកក៏មិនចង់ទទួលថតកុនទាំងមានរបួសស្នាមនាំអោយអាក្រក់មើលក្នុងរឿង។ លោកថារង់ចាំអោយចិញ្ចើមដុះវិញ និងបាត់ស្នាមរបួសបន្តិចសិន ដោយលោកបើកទូលាយអោយផលិតកររង់ចាំ ឬដូរតួសម្រាប់ភាពយន្តដែលលោកបានសម្ដែងខ្លះៗនោះផង៕

មតិយោបល់