ព័ត៌មានជាតិ

ខឹងជំពាក់លុយមិនសង ត្រូវមួយដំបងឫស្សីបែកថ្ងាសឈាមជោក!

កណ្ដាលៈ បុរសម្នាក់ប្រើហិង្សាដោយចេតនាដោយសារខឹងគេជេប្រមាថ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន។
ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង៥និង២០នាទីល្ងាច ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចភូមិព្រែកតាហ៊ីង ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ស្រស់ បញ្ញា ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកតាហ៊ីង ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កសិករ រងរបួសត្រង់ថ្ងាសខាងឆ្វេង ។ ជនសង្ស័យឈ្មោះ ងី ស៊ីព ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកតាហ៊ីង ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ ជាងដែក ។

ប្រភពដដែលបានបន្តទៀតថា ជនរងគ្រោះនិងជនសង្ស័យគឺជាអ្នកភូមិជាមួយគ្នា។ លុះនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧ វេលម៉ោង៥ល្ងាចជនរងគ្រោះបានទៅទារលុយពីឈ្មោះ ទេព ផល្លា ហៅកាក់ នៅតារាងបាល់ទះក្នុងភូមិ ដោយបាននិយាយទារលុយដោយប្រើពាក្យសម្ដីជេរប្រមាថ រួចក៏ជិះម៉ូតូត្រឡប់ទៅផ្ទះបាត់ទៅ។ ពេលនោះឈ្មោះ ទេព ផល្លា ហៅកាក់ បានជិះម៉ូតូបំរុងទៅផ្ទះជនរងគ្រោះដើម្បីប្រាប់រឿងហេតុដល់ម្ដាយជនរងគ្រោះ ហើយក៏បានឲ្យជនសង្ស័យឈ្មោះ ងី ស៊ីព(ត្រូវជាប្អូនថ្លៃ)ជូនទៅផ្ទះជនរងគ្រោះ។ នៅពេលដែលពួកគេទៅដល់ស្រាប់តែឃើញឈ្មោះ ស្រស់ បញ្ញា បានដើរចេញពីក្រោមផ្ទះដោយក្នុងដៃមានកាន់ប៉ែលមកជាមួយ ខណៈនោះជនសង្ស័យក៏បានទាញយកដំបងឈើឬស្សីពីក្រោមដើមស្វាយមកកាន់ក្នុងដៃ ហើយពេលដែលជនរងគ្រោះដើរមកដល់ ឈ្មោះ ងី ស៊ីព ក៏បានយកដំបងឬស្សីវាយទៅលើជនរងគ្រោះចំថ្ងាសខាងឆ្វេងបណ្ដាលឲ្យបែកចេញឈាមតែម្ដង រួចហើយរត់គេចទៅផ្ទះរបស់ខ្លួន។ បន្ទាប់មកដោយបានទទួលពាក្យបណ្ដឹងពីជនរងគ្រោះ សមត្ថកិច្ចបានចុះឃាត់ខ្លួនជនសង្ស័យ ងី ស៊ីព មកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ ងី ស៊ីព បានសារភាពថា ខ្លួនពិតជាបានយកដំបងឈើឬស្សីវាយទៅ លើឈ្មោះ ស្រស់ បញ្ញា១ដំបងចំថ្ងាសបណ្ដាលឲ្យបែកចេញឈាមប្រាកដមែន ។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋានគរបាលស្រុកកោះធំ ដើម្បីបន្តចាត់ការតាម នីតិវិធីច្បាប់៕

មតិយោបល់