ស្គាល់មុខតែមិនស្គាល់ចិត្ត!ឲ្យម៉ូតូខ្ចីទៅទិញនំបុ័ង បែរជាស៊ីដាច់ម៉ូតូរបស់ឯងទៀត!

ភ្នំពេញៈ យុវជនម្នាក់ បានត្រឹមតែរត់មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ដើម្បីឲ្យជួយអន្តរាគមន៍ ករណីឲ្យម៉ូតូទៅអ្នកធ្វើការជាមួយថាខ្ចីទៅទិញនំបុ័ងមួយភ្លែតបែរជាយកទៅបាត់រហូត។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៦និង៥០នាទី ព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចកន្លែងលាងរថយន្តស្អាតពេញចិត្ត តាមបណ្តោយផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ ឌៀប ស៊ីម ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរលាងរថយន្ត ស្នាក់នៅចំណុចកើតហេតុខាងលើ មានស្រុកកំណើតភូមិត្រពាំងធំ ឃុំរនាម ខេត្តតាកែវ។ ចំណែកជនសង្ស័យដែលជាអ្នកខ្ចីម៉ូតូនោះមានឈ្មោះ ផល្លា រត្ននា ភេទប្រុសអាយុ២៧ឆ្នាំមុខរបរលាងរថយន្តជាមួយគ្នា ស្នាក់នៅកន្លែធ្វើការជាមួយគ្នាមាន ស្រុកកំណើត ស្រុកមេសាង ខេត្តព្រៃវែង (រត់គេចខ្លួនបាត់)។

តាមការរៀបរាប់ពីយុវជនរងគ្រោះបានឲ្យដឹងថាមុនពេលកើតហេតុ នៅវេលាម៉ោងខាងលើរូបគេបានជិះម៉ូតូ១គ្រឿងម៉ាកស៊ុយស៊ីគីនិច ពណ៌ស ពាក់ស្លាកលេខ តាកែវ 1M-8031មកកន្លែងធ្វើការដូចសព្វដង ពេលនោះជនសង្ស័យបានសួថា ឥឡូវឯងជិះម៉ូតូសុទ្ធតែនិចទៀត! បន្តិចក្រោយមកជនសង្ស័យបាននិយាយថាខ្ញុំខ្ចីម៉ូតូទៅទិញនំបុ័ងហូបបន្តិចពេលនោះយុវជនរងគ្រោះក៏ឲ្យកូនសោម៉ូតូទៅជនសង្ស័យហើយជនសង្ស័យក៏ជិះចេញទៅបាត់ ចំណែកជនរងគ្រោះក៏ទៅលាងរថយន្តរហូតមកដល់ម៉ោង២និង៥០នាទីរសៀលនៅតែមិនឃើញជនសង្ស័យនោះយកម៉ូតូមកវិញទើបជនរងគ្រោះសម្រេចចិត្តមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលភ្នំពេញថ្មីតែម្តង ក្រែងលោ សមត្ថកិច្ចជួយតាមរកម៉ូតូឃើញវិញ។

នេះជាសារមួយសូមប្រជាពលរដ្ឋគ្រាប់រូបត្រូវតែមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ព្រោះដូចពាក្យចាស់ពោលថាមនុស្សស្គាល់មុខតែមិនស្គាល់ចិត្ត៕

មតិយោបល់