ភ្នំពេញៈ បុរសម្នាក់ បន្ទាប់ពីបានឈ្លោះប្រកែកជាមួយប្រពន្ធបន្តិចបន្តួច ក៏សម្រេចចិត្តគិតខ្លី ធ្វើអត្តឃាតទៅលោតទឹកសម្លាប់ខ្លួនពីលើស្ពានព្រះមុន្នីវង្សចាស់ បង្កការភ្ញាក់ផ្អើលដល់សាច់ញាតិ និងប្រជាពលរដ្ឋយ៉ាងខ្លាំង។
ហេតុកាណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៧និង៤០នាទីយប់ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧ ស្ថិតក្នុងសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
បុរសរងគ្រោះនោះ មានឈ្មោះ ស៊ុន រ៉ាន់ អាយុ៥៥ឆ្នាំ មុខរបរជាកម្មករលើកដែក ស្នាក់នៅក្នុងភូមិព្រែក សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ ដោយមានប្រពន្ធឈ្មោះ ផាន់ សុផាណា អាយុ៥៣ឆ្នាំ មានមុខរបរលក់ដូរនៅផ្ទះ ស្នាក់នៅជាមួយគ្នា ដោយមានកូនប្រុស២នាក់ ស្រី៣នាក់។
បើតាមសម្ដីស្ត្រីជាប្រពន្ធរបស់បុរសរងគ្រោះខាងលើបានឲ្យដឹងថា នៅល្ងាចថ្ងៃកើតហេតុ ប្ដីរបស់គាត់បានអង្គុយផឹកស្រាថ្នាំអស់១ពាន់រៀល ហើយគាត់ជាប្រពន្ធបានហៅប្ដីមកហូបបាយ និងហាមប្ដីកុំឲ្យផឹកស្រាច្រើនពេក ព្រោះគាត់កំពុងមានជំងឺប្រចាំកាយផង តែប្ដីរបស់គាត់មិនតាម និងបានឈ្លោះប្រកែកគ្នាបន្តិចបន្តួចទៀតផង។ លុះមួយសន្ទុះក្រោយមក ប្ដីរបស់គាត់ បានរត់ឡើងលើស្ពានព្រះមុន្នីវង្សចាស់ លោតទឹកសម្លាប់ខ្លួនតែម្ដង បង្កការភ្ញាក់ផ្អើលដល់សាច់ញាតិ ក្រុមគ្រួសារ និងប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុ បានចេញទូកចុះជួយទៅរាវរក រហូតអស់រយៈពេលជាង១ម៉ោង នៅតែរកមិនឃើញ។
ដោយឡែកនៅកើតហេតុខាងលើ ក៏មានអូប័រ (ទូកប៉ូលិស) ចំនួន២គ្រឿង បានចតទុកចោលធ្វើដូចគ្មានរឿងអីកើតឡើងអញ្ចឹង ទោះបីប្រជាពលរដ្ឋស្រែកឲ្យជួយចេញទូកស្វែងរកបុរស ដែលលោតទឹកនោះក៏មិនចេញដែរ។
ក្រោយមក ប្រជាពលរដ្ឋដែលបានឈរចោមរោមមើលនោះ បានចេញពីកន្លែងកើតហេតុអស់ ដោយបន្សល់នៅតែប្រពន្ធនិងកូនរបស់ជនរងគ្រោះនៅអង្គុយរង់ចាំមើលក្រែងសពអណ្ដែតតែប៉ុណ្ណោះ។តែបើតាមប្រភពព័ត៌មានខ្លះ បានឲ្យដឹងថា សាកសពនោះរកឃើញហើយ៕
មតិយោបល់