ភ្នំពេញៈ មានហេតុផលសំខាន់មួយក្នុងចំណោមហេតុផលផ្សេងទៀត ដែលធ្វើឲ្យក្រុមហ៊ុនស៊ិនទ្រី ដែលជាក្រុមហ៊ុនទទួលសិទ្ធិក្នុងការវិនិយោគប្រមូលសំរាមក្នុងរាជធានីភ្នំពេញ មានភាពអសកម្មក្នុងការគោរពកិច្ចសន្យាវិនិយោគរបស់ខ្លួន ដូចជា ហេតុផលប្រមូលលុយសេវាប្រចាំខែពីប្រជាពលរដ្ឋមិនបានគ្រប់ទាំងអស់, ស្ទះចរាចរទើបឡានមកប្រមូលសំរាមមិនទៀងទាត់, ឡានខូច, ឡានមិនទាន់គ្រប់ចំនួនជាដើម។
ហេតុផលទាំងនេះហើយ ទើបអាជ្ញាធររាជធានីភ្នំពេញបានចាប់ផ្តើមចុះកិច្ចព្រមព្រៀងមួយរវាងអាជ្ញាធររាជធានីភ្នំពេញ ជាមួយក្រុមហ៊ុនស៊ិនទ្រី ដើម្បីធ្វើឲ្យប្រសើរឡើងក្នុងការប្រមូល និងសម្អាតសំរាមតាមបណ្តាខណ្ឌនានា។
កិច្ចព្រមព្រៀងកាលពីរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦ គឺជាលើកទី២ ហើយដើម្បីបន្ថែមខណ្ឌចំនួន០៤បញ្ចូលទៀត គឺខណ្ឌសែនសុខ ខណ្ឌពោធិសែនជ័យ ខណ្ឌឫស្សីកែវ និងខណ្ឌមានជ័យ ដែលកាលពីលើកទី១ គឺខណ្ឌដូនពេញ ខណ្ឌ៧មករា ខណ្ឌទួលគោក និងខណ្ឌចំការមន ដោយទទួលលទ្ធផលប្រសើរជាងមុនៗ។
មានប្រសាសន៍ នៅក្នុងពិធីនេះនៅសាលប្រជុំសាលារាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានទទួលនូវហេតុផលទាំងឡាយ ដែលក្រុមហ៊ុនបានលើកឡើង តែលោកមិនចង់ឲ្យ ឮពាក្យថា ឡានមកប្រមូលសំរាមមិនទៀងទាត់ , ឡានខូច ,ឡានមិនទាន់គ្រប់ចំនួនទៀតនោះទេ នៅពេលដែលក្រុមហ៊ុនទទួលថ្លៃបង់សេវាពីប្រជាពលរដ្ឋគ្រប់ចំនួន និងតាមរយះកិច្ចសហការនានាជាមួយអាជ្ញាធរភូមិ សង្កាត់ និងខណ្ឌ លើកិច្ចព្រមព្រៀងជាមួយគ្នានេះ។
លោកបន្តថា ថ្វីត្បិតែក្រុមហ៊ុនប្រាប់ថា ក្រុមហ៊ុនមានការខាតបង់ថវិកាមួយចំនួនពីការប្រមូលបំណុលថ្លៃទូទាត់សេវាប្រមូលសំរាមប្រចាំខែពីប្រជាជន តែរហូតមកទល់ពេលនេះ ក្រុមហ៊ុនស៊ិនទ្រីពុំដែលបង្ហាញទិន្នន័យជាក់លាក់ថា ខ្លួនទារថ្លៃសេវាសំរាមពីប្រជាជនតាមខណ្ឌនីមួយៗមិនបានតើវាមានចំនួនប៉ុន្មាននោះទេ។
ទោះជាបែបនេះក្តី ដើម្បីដោះស្រាយបញ្ហានេះ លោកបានចាត់ឲ្យអាជ្ញាធរខណ្ឌ និងក្រុមហ៊ុនស៊ុនទ្រី សហការគ្នាបង្កើតជាយន្តការមួយដើម្បីស្រង់បញ្ជីអ្នកដែលមិនបានទូទាត់បំណុលថ្លៃសេវាប្រមូលសំរាមនេះឲ្យបានជាក់លាក់ រួចយើងធ្វើការអប់រំណែនាំ និងពន្យល់ពួកគាត់បណ្តើរៗ។ ហើយអាជ្ញាធររាជធានីមិនខ្លាចនឹងចំណាយប្រាក់បំពេញបន្ថែមដើម្បីទីក្រុងមានបរិស្ថានស្អាតនោះទេ។
សម្រាប់យន្តការថ្មីមួយទៀត គឺនៅពេលខាងមុខដ៏ខ្លីនេះ អាជ្ញាខណ្ឌចំនួន០៤ ដែលបានចុះកិច្ចព្រមព្រៀងកាលពីលើកទី១នោះ នឹងដើរចែក និងបិទខិតប័ណ្ណតាមតំបន់និមួយៗក្នុងមូលដ្ឋានរបស់ខ្លួនថា តើតំបន់មួយនេះ រថយន្តសំរាម នឹងមកប្រមូលចាប់ពីម៉ោងប៉ុន្មានដល់ម៉ោងប៉ុន្មាន ហើយតំបន់មួយនោះរថយន្តសំរាម នឹងមកប្រមូលចាប់ពីម៉ោងប៉ុន្មានដល់ម៉ោងប៉ុន្មាន ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋវិចខ្ចប់សំរាមទុកឲ្យបានត្រឹមត្រូវ និងរង់ចាំចោលសំរាមរបស់ខ្លួនតាមពេលកំណត់៕
មតិយោបល់