ភ្នំពេញ: លោក ពេជ្រ វិជ្ជាធរ ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជំម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦នេះ បានសម្រេចលើកពេលសវនាការលើអង្គសេចក្តីក្នុងសំណុំរឿង ផលិត កែច្នៃ រក្សាទុក ប្រើប្រាស់ និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងបទចូលរួមក្នុងក្រុមឧក្រិដ្ឋជនគឿងញៀន ដែលមានជនជាប់ចោទជាជនជាតិចិនចំនួន ៤នាក់ និងនារីខ្មែរម្នាក់ ប្រព្រឹត្តកាលពីថ្ងៃទី១៦ និង១៧ ខែមិថុនា ឆ្នាំ២០១៥ កន្លងទៅ នៅក្នុងរាជធានីភ្នំពេញ និងខេត្តស្ទឹងត្រែង បទល្មើសដែលមានចែងឱ្យផ្តន្ទាទោសតាមមាត្រា៣៩ និង៤០ ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ទៅធ្វើការដេញដោលនៅក្នុងខែមិថុនាខាងមុខវិញ។
ការលើកពេលសវនាការនេះបានសម្រេចធ្វើឡើងភ្លាម ក្រោយពីជនជាប់ចោទជាជនជាតិចិនចំនួន ៤នាក់ បានបដិសេធចំពោះមេធាវីចាត់តាំង ដែលតុលាការបាtនដាក់ឱ្យការពារសិទ្ធិរបស់ពួកគេ ដោយពួកគេបានស្នើឱ្យ តុលាការរងចាំពួកគេរកមេធាវី ដែលចេះភាសារចិនមកការពារក្តីពួកគេវិញ។
ជនជាប់ចោទនៃសំណុំរឿងនេះរួមមាន៖
-ទី១ ឈ្មោះ លី យ៉ុន ហៅ ចៃ ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិចិន
-ទី២ ឈ្មោះ តឹង យ៉ានភីង ភេទប្រុស អាយុ ៥៣ឆ្នាំ ជនជាតិចិន
-ទី៣ ឈ្មោះ លីវ ស៊ឺ ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិចិន
-ទី៤ ឈ្មោះ តាំ យ៉ា (អវត្តមាន) ជនជាតិចិន
-និងទី៥ ឈ្មោះ ផល រ៉ានី ភេទស្រី អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ
គួររំឮកថា កាលពីថ្ងៃអាទិត្យ ទី២១ ខែមិថុនា ឆ្នាំ២០១៥ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួន ជនជាប់ចោទជាបណ្តោះអាសន្ន នៅក្នុងពន្ធនាគារព្រៃសរ ជាប់ទាក់ទងនឹងបទល្មើស ផលិក កែច្នៃ រក្សាទុក ប្រើប្រាស់ និងជួញដូរគ្រឿងញៀនឆ្លងដែន។ ជនជាប់ចោទត្រូវបានចាប់ឃាត់ខ្លួនជាបន្តបន្ទាប់នៅតាមទីតាំងផ្សេងៗគ្នាក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៦ និង១៧ ខែមិថុនា ឆ្នាំ២០១៥ បន្ទាប់ពីពួកគេបាននាំចូល និងរត់ពន្ធថ្នាំញៀនយ៉ាងសន្ធឹកសន្ធាប់ ពីប្រទេសឡាវ ឆ្លងកាត់តាមខេត្តស្ទឹងត្រែង ឆ្ពោះមកកាន់រាជធានីភ្នំពេញ ដើម្បីធ្វើការកែច្នៃបន្ដនាំចេញទៅកាន់កោះតៃវ៉ាន់។
សមត្ថកិច្ចនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន បានធ្វើការស៊ើបអង្កេត និងស្រាវជ្រាវអស់រយៈពេលជាច្រើនថ្ងៃ មុននឹងឈានទៅដល់ការបង្ក្រាប ចាប់ក្រសោប និងឃាត់ខ្លួនពួកគេ ព្រមទាំងថ្នាំញៀនជាក់ស្តែង និងវត្ថុតាងពាក់ព័ន្ធកាលពីថ្ងៃទី១៦ និង១៧ ខែមិថុនា ឆ្នាំ២០១៥ កន្លងទៅនេះ នៅក្នុងរាជធានីភ្នំពេញ និងខេត្តស្ទឹងត្រែង។ ក្រោយឃាត់ខ្លួនពួកគេ សមត្ថកិច្ចនគរបាលដកហូតបានគ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក) សរុប ៥៤៥៩៩,៦០ ក្រាម (ជិត៥៥គីឡូក្រាម) ដែលមាន តម្លៃជាប្រាក់រហូតដល់ចំនួន ៣ លានដុល្លារសហរដ្ឋអាមេរិក៕
មតិយោបល់