ព័ត៌មានជាតិ

ប្រធានាធិបតីរុស្ស៊ី៖ កម្ពុជា គឺជាមិត្តចាស់របស់សហព័ន្ធរុស្ស៊ី

ភ្នំពេញៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយលោក Vladimir PUTIN ប្រធានាធិបតីសហព័ន្ធរុស្ស៊ី នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦នេះ នាទីក្រុងស៊ូឈី សហព័ន្ធរុស្ស៊ី។

លោក Vladimir PUTIN បានសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះវត្តមានដ៏ឧត្តុង្គឧត្តមរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានចំណាយពេលវេលាដ៏មានតម្លៃបំផុត អញ្ជើញមកបំពេញទស្សនកិច្ចការងារ និងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំឭកខួបលើកទី២០ឆ្នាំ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី នៅទីក្រុងម៉ូស្កូ និងទីក្រុងស៊ូឈី សហព័ន្ធរុស្ស៊ី។

លោកប្រធានាធិបតី មានប្រសាសន៍ថា ព្រះរាជាណាចក្រកម្ពុជា គឺជាមិត្តចាស់របស់សហព័ន្ធរុស្ស៊ី ហើយសម្តេចអគ្គមហាសេបតីតេជោ ហ៊ុន សែន គឺជាមិត្តដ៏អាចទុកចិត្តបានក្នុងការធ្វើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នា ទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។

ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍ថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះលោកប្រធានាធិបតី ដែលបានអញ្ជើញសម្តេច និងគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចការងារ និងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំឭកខួបលើកទី២០ឆ្នាំ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី នៅទីក្រុងម៉ូស្កូ និងទីក្រុងស៊ូឈី សហព័ន្ធរុស្ស៊ី។ ជាមួយគ្នានេះ សម្តេចតេជោមានប្រសាសន៍ថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះលោក PUTIN ដែលបានចាត់ទុកព្រះរាជាណាចក្រកម្ពុជា ជាមិត្តចាស់ និងបានចាត់ទុករូបសម្តេច គឺជាដ៏អាចទុកចិត្តបានក្នុងការធ្វើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នាទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។

ក្នុងជំនួបពិភាក្សាគ្នានេះ សម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍ថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះអតីតរដ្ឋាភិបាលនៃសហភាពសូវៀត ដែលបានជួយដល់ប្រទេសកម្ពុជា បន្ទាប់ពីកម្ពុជា បានរំដោះចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ សម្តេចតេជោមានប្រសាសន៍បន្តថា ប្រសិនបើមិនមានការជួយឧបត្ថម្ភគាំទ្រពីអតីតសហភាពសូវៀតទេនោះ គឺពិតណាស់ថា កម្ពុជា ពិតជាមិនអាចមានថ្ងៃនេះនោះទេ នេះគឺជាសច្ចៈធម៌ប្រវត្តិសាស្រ្តដែលកម្ពុជា មិនអាចបំភ្លេចបាន។

ជាមួយគ្នានេះ សម្តេចតេជោ នាយករដ្ឋមន្រ្តី មានប្រសាសន៍ថ្លែងនូវអំណរគុណផងដែរ ជូនចំពោះរដ្ឋាភិបាល និងប្រជាជនរុស្ស៊ី ដែលតែងតែបន្តជួយដល់ប្រទេសកម្ពុជា ពិសេសការផ្តល់ជំនួយគ្រប់បែបយ៉ាងក្នុងកសាងប្រទេសឡើងវិញ ពីគំនរផេះផងនៃភ្លើងសង្រ្គាម។

ក្នុងជំនួបពិភាក្សាទ្វេភាគីនោះដែរ លោកប្រធានាធិបតីរស្ស៊ី Vladimir PUTIN និងសម្តេចតេជោ នាយករដ្ឋមន្រ្តី បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ ពីការខិតខំធ្វើយ៉ាងណាជំរុញទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរ កម្ពុជា-រុស្ស៊ី ឲ្យកាន់តែមានទំហំទ្វេឡើងថែមទៀត ហើយភាគីទាំងពីរ ក៏បានពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ទៅលើបញ្ហាតំបន់ និងអន្តរជាតិ ដែលមានយកចិត្តទុកដាក់ដូចគ្នា៕

photo_2016-05-19_22-41-06 photo_2016-05-19_22-41-07 photo_2016-05-19_22-41-08 photo_2016-05-19_22-41-13photo_2016-05-19_22-41-14photo_2016-05-19_22-41-11 photo_2016-05-19_22-41-09photo_2016-05-19_22-41-12

មតិយោបល់